(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីនៃបណ្តាមិត្តមេគង្គ តាមប្រព័ន្ធវីដេអូ ដែលកិច្ចប្រជុំនេះដឹកនាំដោយ លោក អេនតូនី ប្លីនខេន ( Antony Blinken) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក និងមានការអញ្ជើញចូលរួមរបស់រដ្ឋមន្រ្តីការបរទេស និងតំណាងនៃបណ្តាមិត្តមេគង្គដទៃទៀត។

កិច្ចប្រជុំបានធ្វើឡើងនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ហើយតំណាងជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានអាស៊ាន ចក្រភពអង់គ្លេស និងឥណ្ឌា ចូលរួមជាអ្នកសង្កេតការណ៍។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺបញ្ជាក់ថា កិច្ចប្រជុំរដ្ឋ​មន្រ្តី​នៃ​បណ្តាមិត្តមេគង្គ ត្រូវបានរៀបចំឡើង ដើម្បីអបអរសាទរខួបគម្រប់១០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការនេះ និងស្វាគមន៍ចំពោះលេខាធិការដ្ឋាន​គណៈកម្មការទន្លេមេគង្គ ដែលក្លាយជាសមាជិកថ្មី ព្រមទាំងដើម្បីបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការចូលរួម​របស់បណ្ដាមិត្តមេគង្គក្នុងការដោះស្រាយបញ្ហាប្រឈមឆ្លងដែន គាំទ្រកំណើនប្រកប​ដោយភាពធន់ និងបរិយាប័ន្ន ក្រោយវិបត្តិកូវីដ-១៩ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងអនុតំបន់មេគង្គ។

រហូតមកដល់ពេលនេះ សមាជិកនៃបណ្តាមិត្តមេគង្គ បានផ្តល់ការគាំទ្រដល់អនុតំបន់នេះ ក្នុងវិស័យជាអាទិភាពមួយចំនួន រួមមានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សុខភាព អាកាសធាតុ បរិស្ថាន ថាមពលទឹក សន្តិសុខស្បៀង ការគ្រប់គ្រងធនធានធម្មជាតិ ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព បំលាស់ប្តូរឌីជីថល និងការអភិវឌ្ឍធនធានមនុស្ស ដោយផ្តោតសំខាន់លើការស្ដារឡើងវិញពីជំងឺកូវីដ-១៩ ប្រកបដោយចីរភាព។

ប្រតិភូនៃបណ្ដាមិត្តមេគង្គ បានឯកភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងចំណោមសមាជិក ជាមួយនឹងយន្តការផ្សេងទៀតដែលមានស្រាប់នៅក្នុងតំបន់មេគង្គ ដើម្បីពង្រឹងការស្ដារឡើងវិញ ភាពធន់ និងការអភិវឌ្ឍក្នុងអនុតំបន់ និងបានប្ដេជ្ញារួមគ្នាជាថ្មីម្ដងទៀត ដើម្បីសម្រេចបាននូវទិសដៅក្នុងរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងដើម្បីអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុ។

ឆ្លៀតឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានបញ្ជាក់ថា កម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការនៃបណ្តាមិត្តមេគង្គ ព្រោះកិច្ច​សហប្រតិបត្តិការ​នេះបានដើរតួជាវេទិកាដ៏វិសេសមួយសម្រាប់បណ្តាប្រទេសមេគង្គ និងបណ្តាមិត្តមេគង្គ ដើម្បីជំរុញកិច្ចប្រឹងប្រែងអភិវឌ្ឍជាក់ស្តែង ដោយឈរលើ​គោលការណ៍ និងគុណតម្លៃរួម។ ដោយយល់ពីសារៈសំខាន់នៃកម្លាំងពលកម្មវ័យក្មេងក្នុងអនុតំបន់ ក្រោយពេលធូរស្រាលពីការរាតត្បាតជំងឺកូវីដ-១៩ លោកឧបនា​យករដ្ឋមន្រ្តី បានស្វាគមន៍ចំពោះការចូលរួមចំណែករបស់បណ្តាមិត្តមេគង្គទាំងអស់ ក្នុងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសនៅក្នុងកម្មវិធីពង្រឹង​សមត្ថភាពជំនាញបច្ចេកទេស។

លោកបានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិកដែលបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមរយៈយន្តការកូវ៉ាក់ (COVAX) ដល់បណ្តាប្រទេសក្នុងអនុតំបន់ ដែលក្នុងនោះកម្ពុជាទទួលបានវ៉ាក់សាំងចំនួន១លានដូស ផងដែរ។ នេះឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់សហរដ្ឋអាមេរិក ចំពោះសុខភាពសាធារណៈ និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៅក្នុងអនុតំបន់។

យ៉ាងណាក៏ដោយ ជាមួយនឹងរលកថ្មីនៃការរាតត្បាត លោកឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើការធ្វើការរួមគ្នា ដើម្បីធានាថាការផ្គត់ផ្គង់វ៉ាក់សាំង និងឧបករណ៍វេជ្ជសាស្ត្រ នៅតែមាន និងប្រកបដោយទំនុកចិត្ត ជាមួយនឹងតម្លៃសមរម្យ។

កិច្ចប្រជុំបានបញ្ចប់ទៅ ជាមួយនឹងការអនុម័តលើសេចក្តីប្រកាសព័ត៌មានរួម៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស៖