(ភ្នំពេញ)៖ បណ្តាក្រុមអ្នកវិនិយោគលើវិស័យអចលនទ្រព្យនានា នៅកម្ពុជាដូចជា ម្ចាស់បុរី ម្ចាស់អគារជាដើម កាលពីម្សិលមិញបានជួបជុំគ្នា នៅសណ្ឋាគារកាំបូឌីយ៉ាណា ដើម្បីបង្កើតសមាគមមួយឱ្យឈ្មោះថា «សមាគមអ្នកអភិវឌ្ឍលំនៅដ្ឋានកម្ពុជា»។
លោកឧកញ៉ា លី ហួរ ម្ចាស់បុរីវិមានភ្នំពេញ និងជាអគ្គនាយកក្រុមហ៊ុនលីហួរគ្រុប ដែលជាប្រធានសមាគមនេះ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា «គោលបំណង នៃការបង្កើតសមាគមនេះឡើង គឺដើម្បីជួយដល់សមាជិកសមាគម ជួយគិតអំពីបញ្ហាផ្សេងៗដែលទាក់ទង នឹងវិស័យសំណង់ ហើយក៏ចូលរួមចំណែកពិនិត្យទៅលើអ្នកដែលមានគំនិតមិនល្អ ដូចជាជាបង្កផ្សេងៗ ទាក់ទងទៅនឹងសំណង់ ហើយមានបញ្ហាអនុវត្តការងារមិនត្រឹមត្រូវ យើងក៏បានចូលរួមចំណែកទប់ស្កាត់»។
លោក លី ហួរ បានបន្ថែមថា «ស្របពេលនឹងការរីកចំរើនរបស់ប្រទេសជាតិយើង វិស័យសេដ្ឋកិច្ចដែលឈានឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ហើយជាពិសេសក្នុងនោះក៏មានវិស័យសំណង់ អញ្ចឹងម្ចាស់ក្រុមហ៊ុននានា ដូចជាម្ចាស់បុរី ជាច្រើន បានមូលមតិគ្នាដើម្បីបង្កើតជាសមាគម អ្នកអភិវឌ្ឍលំនៅដ្ឋានកម្ពុជា ងាយស្រួលក្នុងការធ្វើការងារ»។
លោកថា «និន្នការរបស់យើងសព្វថ្ងៃនេះ វិស័យសំណង់បានរីកចំរើនយ៉ាងខ្លាំង នៅប្រទេសកម្ពុជា មានទាំងអ្នកអភិវឌ្ឍក្នុងស្រុក ក៏ដូចជាបរទេសបានចូលរួមចំណែកយ៉ាងច្រើន»៕