(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត ព្រមទាំងថ្នាក់ដឹកនាំអង្គភាពចំណុះសាលាខេត្ត នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ បានបែងចែកប្រគល់សម្ភារបរិក្ខារប្រើប្រាស់ ដល់រដ្ឋបាលឃុំគោលដៅចំនួន២៧ នៃស្រុកចំនួន៤ សម្រាប់យកទៅបម្រើសកម្មភាពក្នុងការងារប្រយុទ្ធ និងបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដែលជាជំនួយឧបត្ថម្ភរបស់អង្គការ GIZ នៃទីភ្នាក់ងារអភិវឌ្ឍអាល្លឺម៉ង់ ដែលបានរួមចំណែកជាមួយរដ្ឋបាលខេត្តកំពត។ ការប្រគល់សម្ភារបរិក្ខានេះ ធ្វើឡើងនៅសាលាខេត្តកំពត។
លោក ជាវ តាយ បានថ្លែងអំណរគុណ ចំពោះអង្គការ GIZ ដែលបានរួមចំណែកជាមួយរដ្ឋបាលខេត្តកំពត ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីករាលដាលជំងឺកូវី១៩ ដែលបច្ចុប្បន្ននេះមិនទាន់បានធូរ ស្បើយនៅឡើយ។
លោកបានសម្ដែងការកោតសរសើរ ដល់អង្គការដែលកន្លងមកតែងតែបានជួយឧបត្ថម្ភគាំទ្រ ដល់គម្រោងការអភិវឌ្ឍន៍នានា ក្នុងវិស័យកសិកម្ម ក៏ដូចជាការចូលរួមលើកកម្ពស់ជីវភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋក្នុង សហគមន៍មូលដ្ឋាន នៃភូមិសាស្រ្តខេត្តកំពតមានលក្ខណៈល្អប្រសើរ។
ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើ ដល់អាជ្ញាធរស្រុកទាំង៤ ត្រូវយកចិត្តទុកដាក់នាំយកសម្ភារៈប្រើប្រាស់ទាំងអស់នេះ បែងចែកប្រគល់ដល់ឃុំគោលដៅក្នុងស្រុកនីមួយៗ ដើម្បីបានប្រើប្រាស់ និងត្រូវបន្តចូលរួមផ្សព្វផ្សាយ ឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ នូវសារាចរណែនាំ លេខ០៤ របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក៏ដូចជាចំណាត់ការ និងវិធានការនានា ពិសេសវិធានការ អនុវត្ត ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល និងវិធានសុខាភិបាលមួយចំនួនទៀត ដើម្បីធ្វើយ៉ាងណា ឲ្យការអនុវត្តនៅក្នុងភូមិសាស្រ្តខេត្តកំពត ទទួលបាននូវប្រសិទ្ធភាពខ្ពស់។
សម្ភារបរិក្ខារប្រើប្រាស់ទាំងអស់ ដែលត្រូវផ្ដល់ចែកជូនបណ្តាស្រុក ចំនួន០៤ និងឃុំគោលដៅ ២៧ឃុំខាងលើនោះ រួមមាន: សាប៊ូលាងដៃ៥៣កេស ស្មើនឹង ៣៧២០០ដុំ, ម៉ាស់៣១កេស ស្មើនឹង១៥៥០ប្រអប់, របាំងមុខ ការពារ១៨៦០របាំង, ជែលអាល់កុលលាងសម្អាតដៃ១៣កេស ស្មើនឹង៣៧២ដប, ដបដាក់អាកុលចំនួន៤៦៤ដប, ទឹកអាកុល ៥២កាន ស្មើនឹង១២៥០លីត្រ និងម៉ាស៊ីនវាស់កំដៅចំនួន៣១គ្រឿន។
សម្ភារៈបរិក្ខារ ខាងលើនេះត្រូវបានបែងចែកទៅលើរដ្ឋបាលស្រុកចំនួន៤ គឺស្រុកឈូក, ស្រុកទឹកឈូ, ស្រុកដងទង់ និងស្រុកកំពង់ត្រាច ក្នុងមួយស្រុកទទួលបាន សាប៊ូលាងដៃ១២០ដុំ, ម៉ាស់៥០ ប្រអប់, របាំងមុខការពារ៦០របាំង, ជេលអាល់កុលលាងសំអាតដៃ១២ដប, ដបដាក់ទឹកអាល់កុល ៣៥ដប, ទឹកអាល់កុល ៣០លីត្រ និងម៉ាស៊ីនវាស់កំដៅចំនួន០១ស្មើគ្នា។
ដោយឡែក សម្រាប់ឃុំគោលដៅចំនួន២៧ឃុំ ក្នុងស្រុកចំនួន០៤ខាងលើ ក្នុង០១ឃុំទទួលបានសាប៊ូលាងដៃ១២០ដុំ, ម៉ាស៥០ប្រអប់, របាំងមុខការពារ៦០របាំង, ជែលអាល់កុលលាងសម្អាតដៃ១២ដប, ដបដាក់ទឹកអាកុល៣០ដប, ទឹកអាល់កុល៣០លីត្រ និងម៉ាស៊ីនវាស់កំដៅ ចំនួន០១គ្រឿងស្មើគ្នាផងដែរ៕