(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានជំរុញដល់ប្រជាពលរដ្ឋឱ្យបន្តចូលរួមបង្ការជំងឺកូវីដ១៩ឱ្យបានខ្ជាប់ខ្ជួន និងទៅទទួលចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នាដោយស្ម័គ្រចិត្ត។
ការថ្លែងដូច្នេះនៅក្នុងឱកាសដែលលោក និងសហការី បន្ដចុះបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១ ជូនប្រជាពលរដ្ឋរស់នៅក្នុង ស្រុកសណ្តាន់ ស្រុកប្រាសាទសំបូរ និងស្រុកប្រាសាទបល្ល័ង្ក នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ។
ជាមួយគ្នានេះ លោក សុខ លូ បន្តទៀតថា «យើងពិតជាមានសំណាងណាស់ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខដឹកនាំដ៏ឈ្លាសវៃបំផុតតែងតែយកចិត្ត ទុកដាក់ខ្ពស់ ចំពោះសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ដោយខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងបង្ការចាក់ជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា នឹងដោយឥតគិតថ្លៃ»។
នៅក្នុងនោះដែរ ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ មានការសប្បាយរីករាយណាស់ដោយមានថ្នាក់ដឹកនាំជាពិសេស គឺសម្តេចតេជោដែលបានគិតគូរពីសុខទុក្ខរបស់ពួកគាត់គ្រប់ពេលវេលា និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងជូនពរសម្តេចតេជោ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃជន្មាយុយឺនយូរ និងទទួលបានជោគជ័យត្រចះត្រចង់ក្នុងការដឹកនាំ ប្រទេសជាតិឱ្យមានការរីកចម្រើន។
បន្ថែមពីនេះអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានមកធ្វើការចាក់វ៉ាក់សាំង សូមចូលរួមអនុវត្តរក្សាគម្លាតសុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ មិនត្រូវប្រជ្រៀតដណ្តើមគ្នា ជៀសវាងមានការកកស្ទះ ដើម្បីចាក់វ៉ាក់សាំងមុននោះឡើយ ព្រោះវាអាចនឹងមានហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នេះមកដល់ខ្លួនយើង ក្រុមគ្រួសារ និងសហគមន៍របស់យើង។
លោក សុខ លូ បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យនៅមូលដ្ឋាន ក៏ដូចជាក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស.ស.យ.ក និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានខិតខំជួយសម្របសម្រួលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមសហការយ៉ាងសកម្ម និងពេញលេងជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានក្នុងការប្រយុទ្ធ Covid-19 ដោយត្រូវអនុវត្តកាន់ខ្ជាប់នូវវិធានការសុខាភិបាលព្រមវិធានការ៣ កុំ ៣ការពារ និងចូលរួមក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការកូវីត-១៩ របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីរួមគ្នាកាត់បន្ថយទប់ស្កាត់កុំឱ្យឆ្លង និងដើម្បីសុវត្ថិភាពសុខភាពដូចជាសុខុមាលភាពរបស់យើងទាំងអស់គ្នា៕