(ភ្នំពេញ)៖ លោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយក្រុមហ៊ុនដូនពេញ (ខេមបូឌា) គ្រុប និងភរិយា លោកស្រី ហេង សុខា បានឧបត្ថម្ភទឹកពិសាភ្នំជបចំនួន ១ពាន់យួរជាលើកទី២ ជូនកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលកំពុងចូលរួមធ្វើសកម្មភាពយ៉ាងសកម្មក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ទឹកពិសាភ្នំជប១ពាន់យួរនេះ ត្រូវបានក្រុមការងាររបស់លោកឧកញ៉ា យកទៅប្រគល់ជូនកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ។
ថ្លែងក្នុងពិធីប្រគល់-ទទួល ឧត្តមសេនីយ៍ឯក សេង សុង តំណាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងអំណរគុណជ្រាលជ្រៅជូនចំពោះទឹកចិត្តសប្បុរសធម៌របស់លោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ និងលោកស្រី ហេង សុខា ដែលតែងឧបត្ថម្ភជាបន្តបន្ទាប់មកកាន់កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាសកម្មភាពនានាក្នុងយុទ្ធនាការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា លោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ និងភរិយា តែងតែបានធ្វើសកម្មភាពមនុស្សធម៌ ដោយចូលរួមជាមួយក្រសួងស្ថាប័នរដ្ឋ ឧបត្ថម្ភនូវសម្ភារ និងរបស់របរប្រើប្រាស់នានា ដើម្បីគាំទ្រដល់សកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កំពុងរាតត្បាតនៅកម្ពុជា៕