(ភ្នំពេញ)៖ នៅគ្រាដែលកម្ពុជា កំពុងកើតមានការរីករាលដាលនៃជំងឺកូវីដ១៩ ពិសេសវីរុសបំប្លែងថ្មីប្រភេទដែលតា ដែលរំខានដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ, អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាល លើការងារប្រមូលពន្ធផ្ទៃក្នុង បានបង្កើតនូវកម្មវិធីឌីជីថល (កម្មវិធីទូរស័ព្ទ និងកុំព្យួរទ័រ) ដើម្បីសម្រួលដល់ការងារបំពេញកាតព្វកិច្ចពន្ធ ជូនអ្នកជាប់ពន្ធឲ្យកាន់តែងាយស្រួល។
កម្មវិធីមួយ ក្នុងចំណោមកម្មវិធីទូរស័ព្ទដៃជាច្រើន ដែលបង្កើតឡើង ដោយអគ្គនាយកដ្ឋានពន្ធដារ នៅពេលនេះកំពុងទទួល បានការចាប់អារម្មណ៍ និងសាទរ ពីប្រជាពលរដ្ឋនោះគឺ កម្មវិធីបង់ពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនះគ្រប់ប្រភេទ ឆ្នាំ២០២១ តាមរយៈទូរស័ព្ទ។
មិនត្រឹមតែបង្កើតកម្មវិធីងាយស្រួលបង់ពន្ធប៉ុណ្ណោះទេ បន្ទាប់ពីបំពេញបែបបទ និងបង់ពន្ធរួច អ្នកបង់ពន្ធនឹងទទួលបាននូវលតាបត្រពន្ធ (សន្លឹកពន្ធ) តាមរយៈក្រុមការងារ របស់អគ្គនាយកដ្ឋានពន្ធដារ ដឹកជូនដល់ផ្ទះថែមទៀតផង។
ការបង្កើតកម្មវិធីបង់ពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនះគ្រប់ប្រភេទ តាមរយៈទូរស័ព្ទ និងការដឹកប័ណ្ណបង់ពន្ធឲ្យដល់ផ្ទះនេះ ទទួលបានការពេញចិត្ត និងកោតសរសើរយ៉ាងខ្លាំង ពីប្រជាពលរដ្ឋម្ចាស់យានយន្ត ដោយពួកគាត់បង្ហោះសារ តាមប្រព័ន្ធទំនាក់ទំនងសង្គម Facebook, Telegram ជាដើម។
ប្រជាពលរដ្ឋនិយាយថា កម្មវិធីបង់ពន្ធនេះងាយស្រួល រហ័ស និងពិតជាអស្ចារ្យណាស់ ដោយមិនបាច់ទៅបង់ពន្ធដោយផ្ទាល់នោះទេ៕