(សៀមរាប)៖ លោក អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈអ៉ីមាំខេត្តសៀមរាប និងលោក ស្រេន សុព្រី ប្រធានសមាគមសម្ព័ន្ធយុវជនមូស្លីមកម្ពុជាសាខាខេត្តសៀមរាប និងមានការចូលរួមពីសមាជិកសមាជិកា សមាគមសម្ព័ន្ធយុវជនមូស្លីមកម្ពុជាផងនោះ បានយកអំណោយទៅចែកជូនសមាជិកក្រុមគ្រួសារសាសនិកឥស្លាម ដែលមានសមាជិកឆ្លងជំងឺកូវីដ១៩ និងកំពុងធ្វើចត្តាឡីស័កតាមផ្ទះ។
ក្នុងឱកាសចុះយកអំណោយចែកជូនគ្រួសារសាសនិកឥស្លាម លោក អែល សៀត មានប្រសាសន៍ថា ទោះជាអំណោយនេះតិចតួច ក៏ប៉ុន្តែវាអាចជួយកាត់បន្ថយទុក្ខលំបាកបានមួយគ្រាផងដែរ។ លោកបន្តថា អំណោយដែលចែកជូនក្រុមគ្រួសារមានសមាជិកឆ្លងជំងឺកូវីដ១៩ និងកំពុងចត្តាឡីស័ក ចំនួន ២គ្រួសារ។ គ្រួសារទី១ ស្ថិតនៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទទួលបានអង្ករចំនួន ២០គីឡូក្រាម និងថវិកាចំនួន ៤០០,០០០រៀល ដែលជាថវិកាលោកផ្ទាល់ និងរៃអង្គាសពីសមាជិកសមាជិការសម្ព័ន្ធយុវជនមូស្លីមកម្ពុជា។
ដោយឡែកបងប្អូនខ្មែរឥស្លាមមួយគ្រួសារទៀត ដែលមានសមាជិក៦នាក់ មានវិជ្ជមានកូវីដ១៩ទាំងអស់គ្នា និងត្រូវបាននាំយកទៅព្យាបាល ហើយបានជាសះស្បើយពីជំងឺកូវីដ១៩ និងត្រូវមកបន្តធ្វើចត្តាឡីស័កនៅផ្ទះចំនួន ១៤ថ្ងៃទៀត ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ អំណោយទាំងនោះរួមមាន៖ អង្ករ ២៥គីឡូ មី១កេះ ត្រីខកំប៉ុង ១យួរ ទឹកបរិសុទ្ធ ៣យួរ ទឹកដោះគោ ៣យួរ និងថវិកា ៣០០,០០០រៀល។
លោក អែល សៀត ក៏អំពាវនាវឲ្យបងប្អូនទាំងអស់ ដែលមានសមាជិកគ្រួសារឆ្លងជំងឺកូវីដ១៩ សូមអត់ធ្មត់ និងធ្វើចត្តាឡីស័ក ស្តាប់តាមការណែនាំរបស់អាជ្ញាធរ ដើម្បីចូលរួមកាត់បន្ថយការរីករាលដាលនៃជំងឺជំងឺកូវីដ១៩ ក្នុងសហគមន៍ខេត្ត សៀមរាប។
សូមជម្រាបផងដែរ សហគមន៍ខ្មែរឥស្លាមខេត្តសៀមរាប ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍ ២០កុម្ភៈ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២២នាក់ និងជាសះស្បើយ១១នាក់៕