(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រគល់រថយន្ត Ford Ranger Pick-up ចំនួន៨៧គ្រឿង ដល់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបែងចែកជូនអធិការដ្ឋាននគរបាល ក្រុង ស្រុក។
ពិធីប្រគល់រថយន្តនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ នៅបរិវេណមុខអគារទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអនុវត្តយ៉ាងត្រឹមត្រូវតាមវិធានការសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ ដូចជាការពាក់ម៉ាស់ វាស់កំដៅ យកសំណាក បាញ់អាល់កុល និងរក្សាគម្លាតសុវត្ថិភាពជាដើម។
យោងតាមរបាយការណ៍ស្វាគមន៍របស់នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានបញ្ជាក់ថា គិតចាប់តាំងពីឆ្នាំ២០១៩មក សម្ដេចក្រឡាហោម ស ខេង បានផ្ដល់អំណោយរថយន្ត Pikc-up ចំនួន៤លើក សរុប១៥៨គ្រឿង ដល់អង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងនោះរួមមាន ស្នងការដ្ឋាននគរបាលខេត្តចំនួន ២២គ្រឿង វរសេនាតូចនគរបាលការពារព្រំដែនចំណុះភូមិភាគ៤ និងភូមិភាគ៥ចំនួន ១៦គ្រឿង ក្រុមល្បាតត្រួតពិនិត្យបទល្មើសចរាចរណ៍ផ្លូវគោកលើផ្លូវជាតិលេខ៤ និងលេខ៥ ចំនួន ៤គ្រឿង អធិការដ្ឋាននគរបាលខណ្ឌតាមរយៈស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ១៣គ្រឿង និងអធិការដ្ឋាននគរបាល ក្រុង ស្រុក ខណ្ឌចំនួន១០៣គ្រឿង។
ដោយឡែកនៅថ្ងៃនេះ នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ បានរាយការណ៍ថា រថយន្តទាំង៨៧គ្រឿងនេះ នឹងប្រគល់ជូនអធិការដ្ឋាននគរបាលក្រុង ស្រុក ដែលពុំទាន់ទទួលបានរថយន្តទាំង ៨៧អធិការដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្តចំនួន២៤ខេត្ត រួមមានខេត្តព្រៃវែង ៤គ្រឿង, បាត់ដំបង ៥គ្រឿង, បន្ទាយមានជ័យ ២គ្រឿង, ស្ទឹងត្រែង ២គ្រឿង, ពោធិ៍សាត់ ៤គ្រឿង, ព្រះវិហារ ៣គ្រឿង, កណ្ដាល ៥គ្រឿង, កំពង់ស្ពឺ ៥គ្រឿង, កំពង់ឆ្នាំង ៦គ្រឿង, កំពង់ចាម ៨គ្រឿង, ត្បូងឃ្មុំ ៤គ្រឿង, ក្រចេះ ១គ្រឿង, តាកែវ ៤គ្រឿង, កំពត ៤គ្រឿង, ព្រះសីហនុ ២គ្រឿង, កោះកុង ៣គ្រឿង, កំពង់ធំ ៧គ្រឿង, សៀមរាប ១០គ្រឿង, កែប២គ្រឿង, ឧត្តរមានជ័យ ១គ្រឿង, ប៉ៃលិន ១គ្រឿង, មណ្ឌលគិរី ១គ្រឿង, និងរតនគិរី ៣គ្រឿង សរុបពីឆ្នាំ២០១៩មក សម្ដេចក្រឡាហោមបានផ្ដល់ជូនរថយន្តចំនួន ៥លើក ស្មើនឹង២៤៥គ្រឿង។
នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងសេចក្ដីរីករាយដែលបានប្រគល់រថយន្តសម្រាប់ចែកជូនអធិការដ្ឋាននគរបាលបង្គ្រប់ទូទាំងប្រទេស ខណៈក្រសួងក៏គ្រោងផ្ដល់ជូនរថយន្តដូចគ្នានេះ ជូនវរសេនាតូចដែលមិនទាន់ទទួលបានរថយន្តចំនួន ១៦អង្គភាពទៀតនាពេលខាងមុខ។
សម្ដេចក្រឡាហោម ក៏បានគូសបញ្ជាក់ដែរថា ការផ្ដល់រថយន្តជូននាពេលនេះគឺជាកិច្ចការចាំបាច់មួយ ដើម្បីឱ្យអធិការនគរបាលក្រុង ស្រុក យកទៅប្រើប្រាស់សម្រាប់បំពេញបេសកកម្មបម្រើជាតិ ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានទាន់ពេលវេលា។
សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណជូន សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជានិច្ចជាកាលបានយកចិត្តទុកដាក់ជួយជ្រោមជ្រែង និងលើកទឹកចិត្តដល់កម្លាំងនគរបាលជាតិរបស់យើង ជាក់ស្ដែងនៅពេលនេះ រថយន្ត៨៧គ្រឿងនេះ គឺជាថយន្តដែលនាំចូលដោយពន្ធជាបន្ទុករបស់រដ្ឋដែលទទួលបានការឯកភាពពីសម្ដេចតេជោនាយករដ្ឋមន្រ្តី។
ជាមួយគ្នានេះដែរ សម្ដេចក៏បានថ្លែងកោតសរសើរចំពោះការធ្វើពលីកម្មគ្រប់បែបយ៉ាងរបស់កម្លាំងនគរបាលជាតិក្នុងស្ថានភាពកូវីដ១៩ ដ្បិតកម្លាំងមួយផ្នែកនៃមន្រ្តីរាជការអាចមានឱកាសស្នាក់នៅផ្ទះ តែសម្រាប់កម្លាំងនគរបាលជាតិស្ទើរទាំងអស់បានចេញប្រតិបត្តិការគ្រប់ទីកន្លែងដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ពិសេសនៅតាមតំបន់ប្រឈមខ្ពស់ ដូចជាតំបន់ក្រហម តំបន់លឿងទុំជាដើម។
ទន្ទឹមនឹងការថ្លែងកោតសរសើរដល់កងកម្លាំងនគរបាលជាតិ ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន សម្ដេចក្រឡាហោមក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងនូវការចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះក្រុមគ្រួសារសពកងកម្លាំងនគរបាលជាតិ ដែលបានពលីជីវិតក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ប្រយុទ្ធប្រឆាំងងនឹងជំងឺកូវីដ១៩ និងក្រុមគ្រួសារសពមន្រ្តីរាជការស៊ីវិលដែលទទួលមរណភាពបដោយសារជំងឺឆ្លងនេះ។
ពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩នេះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា មកដល់ពេលនេះអត្រាឆ្លងជំងឺកូវីដ១៩ លើពិភពលោកនៅតែស្ថិតក្នុងកម្រិតខ្ពស់នៅឡើយ ខណៈប្រទេសកម្ពុជា និងបណ្ដាប្រទេសជាបន្តបន្ទាប់ បានរកឃើញវត្តមានមេរោកបំប្លែងខ្លួនថ្មី ដែលតា។
សម្ដេចក្រឡាហោមបានបន្តក្នុងន័យដើមថា «ជាការពិតហើយយើងត្រូវគោរពតាមវិធានការសុខាភិបាល ប៉ុន្តែទន្ទឹមគ្នានេះយើងក៏ត្រូវយកចិត្តទុកដាក់បំពេញភារកិច្ចជាចាំបាច់ ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។ ខ្ញុំសូមកោតសរសើរ ដ្បិតជាក់ស្ដែងក្នុងរយៈពេលក្លងទៅនេះការបង្ក្រាបបទល្មើសបានទទួលលទ្ធផលយ៉ាងល្អប្រសើរ»។
សម្ដេចក៏បានណែនាំឱ្យអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុគិតគូរការផ្ដល់ប្រេងឥន្ធនៈប្រើប្រាស់សម្រាប់រថយន្តនេះឱ្យបានល្អ និងបានសម្ដែងក្ដីសង្ឃឹមជឿជាក់ថាទោះបីជាត្រូវបន្តប្រឈមមុខនឹងការរីករាលដាលជំងឺកូវីដ១៩ ដែលមិនមានភាពប្រាកដប្រជាយ៉ាងណាក្ដី ថ្នាកដឹកនាំ មន្រ្តីរាជការស៊ីវិល និងកងកម្លាំងទាំងអស់ និងរួមគ្នាបន្តខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវដើម្បីបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរថែមទៀត៕