(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា នៅក្នុងអំឡុងពេល នៃការរីករាដាលនៃជំងឺកូវីដ១៩ បទល្មើសគ្រឿងញៀន មានការថយចុះគួរឱ្យកត់សម្គាល់ ដោយសារកងកម្លាំងនគរបាលជាតិ ដែលមានឆន្ទៈមោះមុតក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀននេះ។
ការបញ្ជាក់បែបនេះរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងនៅក្នុងពិធីប្រគល់រថយន្ត Ford Ranger Pick-Up ចំនួន ៨៧គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្ត ចំនួន២៣ ដើម្បីបែងចែកជូនអធិការដ្ឋាននគរបាល ក្រុង ស្រុក នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ។
សម្ដេចក្រឡាហោម ស ខេង បានបន្តថា «ជាការពិតហើយយើងត្រូវគោរពតាមវិធានការសុខាភិបាល ប៉ុន្តែទន្ទឹមគ្នានេះយើងក៏ត្រូវយកចិត្តទុកដាក់បំពេញភារកិច្ចជាចាំបាច់ ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។ ខ្ញុំសូមកោតសរសើរ ដ្បិតជាក់ស្ដែងក្នុងរយៈពេលក្លងទៅនេះការបង្ក្រាបបទល្មើសបានទទួលលទ្ធផលយ៉ាងល្អប្រសើរ»។
ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនក្នុងស្ថានភាពប្រឈមនេះ សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា បទល្មើសនេះបានថយចុះបន្តិច ប៉ុន្តែក្រុមឧក្រិដ្ឋជននៅតែឆ្លៀតឱកាសលួចកែច្នៃ ផលិត និងនាំចូលសារធាតុញៀន អាភៀន ពីបណ្ដាប្រទេសជុំវិញ ពិសេសពីតំបន់ត្រីកោណមាសមកកម្ពុជា ធ្វើឱ្យមានការកែច្នៃ និងផលិតគ្រឿងញៀនកើនឡើងជាងពេលមុន។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បទល្មើសគ្រឿងញៀន ក៏មានការថយចុះបន្ដិចមែន ក៏ប៉ុន្ដែ គឺចាត់ទុកថាជាជោគជ័យមួយយ៉ាងធំផងដែរ ក្នុងពេលកូវីដ១៩ នេះ ព្រោះថាទោះបីកូវីដ១៩ ក៏ដោយក៏មានជនឆក់យកឱកាសនេះ ដើម្បីលួចផលិត និងនាំចូលនូវសារធាតុញៀនផងដែរ»។
សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា៖ «ចាប់តាំពីយុទ្ធនាការបង្ក្រាបគ្រឿងញៀនដំបូងឆ្នាំ២០១៧ មកដល់ពេលនេះ គិតទាំងអាភៀន និងសារធាតុគីមីផ្សុំ មានជាង ១១តោន ហើយក៏មិនដឹងថារួចផុតចេញពីយើងទៅប៉ុន្មានទៀតដែរ យ៉ាងណានេះគឺជាលទ្ធផលដែលកើតចេញពីឆន្ទៈមុះមុតនៃការបំពេញភារកិច្ចជារួមរបស់កងកម្លាំងនគរបាលជាតិ និងមន្រ្តីរាជការពាក់ព័ន្ធទាំអស់»។
ទាក់ទងនឹងបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ និងការផ្ដល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិសម្ដេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំសង្កាត់ ត្រូវបានចាត់ទុកថាជាថ្នាក់រដ្ឋបាលដែលនៅជិតប្រជាពលរដ្ឋបំផុត ពោលគឺបេសកកម្មរបស់ថ្នាក់ក្រោមជាតិនេះក៏មិនខុសពីថ្នាក់ជាតិដែរ ហើយរឹតតែសំខាន់ជាងថ្នាក់ជាតិទៅទៀត នៅត្រង់ថាពួកគាត់នៅគៀកនឹងប្រជាពលរដ្ឋ ប្រជាពលរដ្ឋអាចដឹងថាពួកគាត់ធ្វើល្អ និងមិនធ្វើល្អដោយងាយ៕