(កំពត)៖ ក្នុងកិច្ចប្រជុំនាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពត បានឯកភាពសម្រេចដាក់សំណើជូនទៅក្រសួង និងស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យ និងសម្រេចជាគោលការណ៍ផ្លូវច្បាប់ ក្នុងការអនុវត្តគម្រោង ការកែលម្អ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មទេសចរណ៍នៅតំបន់ឆ្នេរព្រែកកំពង់កណ្ដាល ស្ថិតនៅឃុំជុំគ្រៀល ស្រុកទឹកឈូ ឲ្យមានភាពទាក់ទាញបន្ថែមទៀតសម្រាប់ខេត្តកំពត។

កិច្ចប្រជុំនេះបានធ្វើឡើងក្រោមវត្តមានលោក ជាវ តាយ អភិបាលខេត្តកំពត និងមានការចូលរួមពីសំណាក់ មន្ត្រីនៃមន្ទីរស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធ។

ក្នុងកិច្ចប្រជុំនេះ លោក ជាវ តាយ បានបញ្ជាក់ថា គម្រោងការកែលម្អ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេវាកម្មទេសចរណ៍ឆ្នេរព្រែកកំពង់កណ្ដាលនេះ រដ្ឋបាលខេត្តកំពត បានគ្រោងជាយូរមកហើយ ប៉ុន្តែនៅមិនទាន់មានការឯកភាពគ្នា ពីមន្ទីរជំនាញ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធម៌មូលដ្ឋាននៅឡើយ។

លោកថា ឆ្លងតាមរយៈកិច្ចប្រជុំនេះដែរ រដ្ឋបាលខេត្ត បានឯកភាពគ្នា ពីបណ្ដាមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្នុងការជំរុញដាក់គម្រោងនេះ ជូនទៅក្រសួងស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ ពិនិត្យនិងសម្រេចជាគោលការណ៍ផ្លូវច្បាប់ ក្នុងដំណើរការអនុវត្តគម្រោង។

លោក ជាវ តាយ បន្តថា «គម្រោងការកែលម្អ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេវាកម្មទេសចរណ៍ឆ្នេរព្រែកកំពង់កណ្ដាលខាងលើ ជាគម្រោងវិនិយោគរយៈពេល១៥ឆ្នាំ ជាមួយនឹងដៃគូវិនិយោគចំនួន១១នាក់ ដែលពួកគាត់ នឹងរៀបចំឲ្យមានសេវាកម្មទេសចរណ៍ផ្សេងៗដូចជា មានកន្លែងសម្រាប់អង្គុយលម្ហែមើលទេសភាព និងស្រូបយកខ្យល់អាកាស កន្លែងទទួលទាន អាហារ សួនច្បារ កន្លែងកីឡា កន្លែងកម្សាន្តរបស់កុមារ និងចំណតរថយន្តជាដើម ប៉ុន្តែមិនអនុញ្ញាតឲ្យសង់អគារខ្ពស់ ឬកន្លែងស្នាក់នៅទេ»

ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានស្នើដល់ជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ធ្វើយ៉ាងណាសហការគ្នាឲ្យបានល្អ ដើម្បីឱ្យគម្រោងការអភិវឌ្ឍតំបន់ឆ្នេរកំពង់កណ្តាលមួយនេះ បានសម្រេចជោគជ័យ សម្រាប់ជាសក្ដានុពលបម្រើសេវាកម្ម ទេសចរណ៍ខេត្តកំពត ឲ្យបានកាន់តែរីកចំរើនបន្ថែមទៀត៕