(កំពង់ឆ្នាំង)៖ លោក ឈៀង ចន្ធី អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង និងលោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិសា ខាខេត្តកំពង់ឆ្នាំង រួមទាំងក្រុមការងារ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ បាននាំយកអំណោយរាជរដ្ឋាភិបាល ចុះប្រគល់ជូនគ្រួសារអតីតមន្ត្រីរាជការស៊ីវិល និងគ្រួសារយោ ធិនពលីចំនួន៣គ្រួសារផ្សេងៗគ្នា។
គ្រួសារដែលទទួលបានអំណោយរួមមាន៖ លោកស្រី ឡឹក គឹមហៀក អតីតមន្ត្រីរាជការស៊ីវិល និងជាភរិយាលោក ទិព្វ សុវណ្ណ ជាអតីតអនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង រស់នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ លោក ឌុច សឿន មន្ត្រីរាជការស៊ីវិល ចូលនិវត្តន៍នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង រស់នៅភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ លោកស្រី គឹម ហូយ គ្រួសារអតីតយុទ្ធជននៅភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលារប្អៀ ខេត្តកំពង់ឆ្នាំង។
អំណោយដែលបានប្រគល់ជូនក្នុងមួយគ្រួសារទទួលបានរួមមាន៖ អង្ករចំនួន ២០គីឡូក្រាម គុយទាវ១កេស ត្រីខ១យួរ ទឹក ស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ប្រេងឆាចំណុះ១លីត្រ ចំនួន១ ដប សារុង១ ក្រមា១ និងថវិកា៣ម៉ឺនរៀល។
អតីតមន្ត្រីរាជការស៊ីវិល និងគ្រួសារយោធិនពលី ទាំង៣គ្រួសារ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលតែងតែគិតគូរអំពីសុខទុក្ខ និងបានយកចិត្តទុកដាក់ដល់គ្រួ សារអតីតយុទ្ធជន មន្ត្រីរាជការស៊ីវិលចូលនិវត្តន៍ និងគ្រួសារយោធិនពលីជាដើម៕