(បន្ទាយមានជ័យ)៖ ដើម្បីជាការរួមចំណែកធ្វើយ៉ាងណាឱ្យភូមិឃុំមានសុវត្ថិភាព គ្មានបទល្មើស លួចឆក់ ប្លន់ និងអំពើល្មើសច្បាប់ផ្សេងៗនៅក្នុងមូលដ្ឋានជូនពលរដ្ឋ និងសង្គម កម្លាំងនគរបាលតែងតែចុះល្បាត និងបង្ក្រាបបានអំពើល្មើសច្បាប់ផ្សេងៗ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដុតកម្ទេចកាំភ្លើងកែឆ្នៃ ១៤០ដើម ដែលបានដកហូតជាបន្តបន្ទាប់ពីអ្នកល្មើសច្បាប់នៅក្នុងមូលដ្ឋាន។
លោកឧត្តមសេនីត្រី ប៊ុន ផេង ស្នងការរងទទួលការងារអាវុធជាតិផ្ទុះ និងអគ្គិភ័យ បានថ្លែងថា កាំភ្លើងដែលបានដុតចោលថ្ងៃនេះ ជាកាំភ្លើងកែច្នៃពីឈើ មានដូចជា បាញ់គ្រាប់កិប ខ្លះប្រើខ្យល់បាញ់គ្រាប់កង់ និងកាំភ្លើងស្នាកេះ មានចំនួនសរុប១៤០ដើម។ កំាភ្លើងទាំងនេះគឺបានប្រមូលពីប្រជាពលរដ្ឋទាំង៩ស្រុក/ក្រុង ក្នុងខេត្ត ដែលប្រព្រឹត្តបទល្មើស និងអ្នករក្សាទុកដើម្បីបាញ់កណ្ដុរ សត្វផ្សេងៗ តាំងពីឆ្នាំ២០១៧ ជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ការដុតកម្ទេចកាំភ្លើងកែឆ្នៃថ្ងៃនេះ គឺជាការរួមចំណែកធ្វើយ៉ាងណាឱ្យភូមិឃុំមានសុវត្ថិភាព នៅក្នុងមូលដ្ឋានជូនពលរដ្ឋ និងសង្គម។
លោកស្នងការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជនទាំងឡាយ បើមានការច្នៃផលិត ឬរក្សាទុកកាំភ្លើងកែឆ្នៃ និងគ្រាប់យុទ្ធភណ្ឌផ្សេងៗត្រូវសហការណ៍ និងប្រគល់ជូនសមត្ថកិច្ច បើក្នុងករណីរកឃើញថាមានបទល្មើស នឹងត្រូវផ្ដន្ទាទោសតាមច្បាប់៕