(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចបិទខ្ទប់ផ្សារមង្គលបូរីថ្មី ហៅ (ផ្សារតាយ៉ាវ) ដែលជាទីតាំងពាក់ព័ន្ធអ្នកមានវិជ្ជមានកូវីដ១៩ ស្ថិតក្នុងភូមិហ្លួង ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
បើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា អាជ្ញាធរសម្រេចបិទខ្ទប់ផ្សារនេះ ក្នុងរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រដេលត្រូវបិទខ្ទប់ និងទប់ស្កាត់កុំឱ្យជំងឺកូវីដ១៩នេះ ឆ្លងទៅរាលដាលទៅកាន់តំបន់ផ្សេងៗទៀត។
បើតាមលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការសម្រេចបិទផ្សារមង្គលបុរីថ្មី ហៅផ្សារតាយ៉ាវនេះ បន្ទាប់ពីមន្ត្រីសុខាភិបាល និងអាជ្ញាធរ បានធ្វើតេស្តឃើញអាជីវករចំនួន១៦នាក់ ក្នុងចំណោមអាជីវករចំនួន ៣២៦នាក់។
បើតាមលោក រ័ត្ន ដាស៊ីណង់ បានឱ្យដឹងថា «អាជ្ញាធរបានបិទខ្ទបផ្សារតាយ៉ាវ នេះនៅម៉ោង៥៖០០ទាបភ្លឺ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ មន្ត្រីបានយកសំណាកលើអាជីវករ ចំនួន៣២៦នាក់ ឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន១៦នាក់ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តមអភិបាលខេត្ត ដោយសំណាកចប់សព្វគ្រប់នៅព្រឹកមិញ»។
លោកអភិបាលស្រុកបានបញ្ជាក់ថា នៅពេលនេះមន្ត្រីសុខាភិបាលកំពុងតែស្វែងរកអ្នកដែលជាប់ពាក់ព័ន្ធបន្ថែមទៀត ដើម្បីធ្វើសំណាករកមេរោគកូវីដ១៩ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។
លោក រ័ត្ន ដាស៊ីណង់ បានឱ្យដឹងទៀតថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩ នៅផ្សារតាយ៉ាវនេះ គឺភាគច្រើនជាអាជីវករលក់ដូរចម្រុះនៅក្នុងផ្សារ ព្រមទាំងបានចម្លងទៅឪពុក ម្តាយ ព្រមទាំងទារកម្នាក់ អាយុ៧ខែផងដែរ៕