(អ៊ីរ៉ាក់)៖ យ៉ាងហោចណាស់មនុស្ស ២៩នាក់បានស្លាប់ និងជាង ៦០នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីមានការវាយប្រហារដោយគ្រាប់បែកអត្តឃាតនៅក្នុងកីឡដ្ឋានមួយ ខណៈពេលកំពុងប្រកួតបាល់ទាត់ ក្នុងភាគខាងត្បូងរដ្ឋធានីបាកដាដ ប្រទេសអ៊ីរ៉ាក់ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅយប់ថ្ងៃទី២៥ ខែមីនា។
ប៉ូលិសប្រចាំតំបន់បានបញ្ជាក់ថា គ្រាប់បែកបានផ្ទុះឡើងនៅក្នុងអំឡុងពេលប្រកួតបាល់ទាត់រវាងក្រុមបាល់ទាត់ក្នុងតំបន់ ស្ថិតនៅកីឡដ្ឋាន Iskanderiyah មានចម្ងាយប្រមាណជា ៤០គីឡូមែត្រពីរដ្ឋធានីបាកដាដ។ សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត ព្រោះថាគ្រាប់បែកបានផ្ទុះឡើងចំកន្លែងមានមនុស្សច្រើន។
សារព័ត៌មាន Reuters បានចេញផ្សាយថា ការបំផ្ទុះគ្រាប់បែកអត្តឃាតនេះគឺជាទង្វើរបស់ក្រុម ISIS ដោយពួកគេបានចេញមុខទទួលស្គាល់ថា គឺជាសកម្មប្រយុទ្ធដែលគាំទ្រពួកខ្លួនជាអ្នកបំផ្ទុះគ្រាប់បែក។
គួរបញ្ជាក់ផងដែរថា នៅដើមសប្ដាហ៍នេះ ក្រុម ISIS បានវាយប្រហារអកាសយានដ្ឋាន និងចំណតរថភ្លើងក្រោមដីនៅក្នុងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក ដោយបានសម្លាប់មនុស្សជាង ៣០នាក់ និងរបួសជាង ២៥០នាក់៕