(សៀមរាប)៖ នៅថ្ងៃទី០៥ ខែសីហា ម្សិលមិញនេះ រដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៩៨នាក់បន្ថែមទៀត ខណៈអ្នកជំងឺ២នាក់ បានស្លាប់ និងជាសះស្បើយ ១០០នាក់។

រដ្ឋបាលខេត្ត បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ដែលរកឃើញថ្មីនេះ ករណីទី១ ដល់ទី១៤ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី, ករណីទី១៥ ដល់ទី១៩ គឺជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្ដី, ករណីទី២០ ដល់ទី២៤ ជាករណីឆ្លងមានប្រភពចម្លងចេញពីផ្សារចារឈូក និងករណីទី២៥ ជាករណីមានប្រភពចម្លងចេញពីផ្សារដំដែក។

ករណីទី២៦ ដល់ទី៣២ ជាករណីឆ្លងបន្តពីសពឈ្មោះ លីវ សារ៉ែន និងករណីទី៣៣ ដល់ទី៣៤ ឆ្លងបន្តពីសពឈ្មោះ ចក់ វឿន។ ចំពោះករណីទី៣៥ ដល់ទី៥២ មានប្រភពចម្លងបន្តពីអ្នកដំណើរមកពីរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តកែប ខេត្តឧត្តរមានជ័យ និងខេត្តកំពង់ធំ និងករណីទី៥៣ ដល់ទី៨៨ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។

ដោយឡែកករណីទី៨៩ ដល់ករណីទី៩៨ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ និងវិទ្យាល័យ ហ៊ុន សែន វត្តស្វាយ។

អ្នកជំងឺដែលបានស្លាប់បាត់បង់ជីវិតរួមមាន៖
១៖ ឈ្មោះ កៀម រឿន ភេទប្រុស អាយុ៦០ឆ្នាំ អាសយដ្ឋាននៅភូមិគោកដូង ឃុំគោកដូង ស្រុកអង្គរជុំ ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០០៖៣០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។
២៖ ឈ្មោះ ស្រី វ៉ាត ភេទប្រុស អាយុ៦៩ឆ្នាំ អាសយដ្ឋាននៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៨៖២០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៤,៩៤៥នាក់។ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន ២,៦៩៥នាក់ ស្លាប់ ៥៧នាក់ និង ២,១៩៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ និងវិទ្យាល័យដំដែក។

រដ្ឋបាលខេត្តសៀមរាប អំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។

ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕