(ស្វាយរៀង)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ បានបន្ដនាំយកថវិការបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋកមន្ដ្រីកម្ពុជា ទៅប្រគល់ជូនលោកតា អាយុ១០១ឆ្នាំ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទទួលបានថវិកាចំនួន ៣លានរៀល និងសម្ភារជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។
លោកតាដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំង ហើយទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន នាឱកាសនេះ ឈ្មោះ ជៃ ជុំ អាយុ១០១ឆ្នាំ រស់នៅភូមិល្បើក ឃុំសម្បត្តិមានជ័យ ស្រុករមាសហែល ខេត្តស្វាយរៀង។
ថ្លែងក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកតា ជៃ ជុំ ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាពរបស់លោកតា ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ។
លោកតា ជៃ ជុំ និងប្រពន្ធឈ្មោះ ម៉ៃ សាន់ អាយុ៨៧ឆ្នាំ ដែលបានចាក់វ៉ាក់សាំងទាំងពីរនាក់រួចរាល់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានផ្ដល់អំណោយជូនលោកតានៅឱកាសនេះ។
ពាក់ព័ន្ធស្ថានភាពសុខភាពក្រោយចាក់វ៉ាក់សាំងនេះ លោកតាបានរៀបរាប់ថា សុខភាពរបស់លោកតា គឺល្អប្រសើរទាំងអស់មិនមានអ្វីខុសប្លែកនោះទេ ពោលធម្មតាទាំងអស់ទាំងការហូបចុក និងការស្នាក់នៅប្រចាំថ្ងៃ៕