(ភ្នំពេញ)៖ អធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦នេះ បានបង្ហាញមុខជនសង្ស័យ៤នាក់ ដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពឆក់ និងកាប់ប្លន់យកទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋយ៉ាងសកម្ម មុនបញ្ជូនឡើងតុលាការ។ លោក ម៉ក់ ហុង បានបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់នេះ ជាប់ពាក់ព័ន្ធនឹងករណីឆក់ កាបូបតាមដងផ្លូវ (នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនសុខ) និងប្រើប្រាស់ ដាវសាំម៉ូរ៉ៃ កាប់យកម៉ូតូ (នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ) ព្រមទាំងគាស់តូប យកទូរស័ព្ទ(នៅសង្កាត់កាកាបខណ្ឌពោធិ៍សែនសុខ)។
សម្រាប់ជនសង្ស័យទាំង៤នាក់ ដែលត្រូវបានកម្លាំងនគរបាលរបស់លោក ចាប់ខ្លួននេះរួមមានទី១ឈ្មោះ មាស សុភ័ក្ត្រ អាយុ២២ឆ្នាំ ទី២ឈ្មោះ អ៊ុក ដារ៉ា ហៅង៉ោល អាយុ២១ឆ្នាំ ទី៣ឈ្មោះ ឡុង វិសាល ហៅគោ អាយុ២៣ឆ្នាំ និងទី៤ឈ្មោះ ជិន យ៉ន់ ហៅជេម អាយុ២៤ឆ្នាំ។
បើតាមលោក ម៉ក់ ហុង មុនឈានដល់ការចាប់ខ្លួន ជនសង្ស័យទាំង៤នាក់ខាងលើ អធិការដ្ឋាននគរ បាលខណ្ឌសែនសុខ បានប្រើប្រាស់កម្លាំងល្បាតពួនស្ទាក់ និងកម្លាំងជំនាញសម្ងាត់ រហូតបង្ក្រាបក្រុមទាំងនេះឲ្យចំគោលតែម្តង។ បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ត្រូវបាន កសាងសំណុំរឿងបញ្ជូនឡើងតុលាការដើម្បីចាត់ការតាមនីតិវិធី។ ជាមួយគ្នានេះលោក ម៉ក់ ហុង បានផ្តល់ថវិកាមួយចំនួនដល់កម្លាំងនគរបាលរបស់ខ្លួនផងដែរ ដែលបានបំពេញភារកិច្ចជោគជ័យមួយនេះ។
ជាមួយគ្នានេះ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ សូមថ្លែងអំណរគុណលោក លី សាវេត អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការ ឯកភាពខណ្ឌសែនសុខ បានលើកទឹកចិត្តចំនួន១.០០០.០០០ មួយលានរៀល ដល់កងកំលាំង៕