(បន្ទាយមានជ័យ)៖ អាជ្ញាធរស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ បានសម្រេចបិទផ្សារតាយ៉ាវ ឃុំប្ញស្សីក្រោក បន្ទាប់ពីមន្ត្រីសុខាភិបាល និងអាជ្ញាធរ បានធ្វើតេស្តឃើញអាជីវករចំនួន១៦នាក់ ក្នុងចំណោមអាជីវករចំនួន ៣២៦នាក់។ នេះបើតាមលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបុរី បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ។

បើតាមលោក រ័ត្ន ដាស៊ីណង់ បានឱ្យដឹងថា «អាជ្ញាធរបានបិទខ្ទបផ្សារតាយ៉ាវ នេះនៅម៉ោង៥៖០០ទាបភ្លឺ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ មន្ត្រីបានយកសំណាកលើអាជីវករ ចំនួន៣២៦នាក់ ឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន១៦នាក់ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តមអភិបាលខេត្ត ដោយសំណាកចប់សព្វគ្រប់នៅព្រឹកមិញ»។

លោកអភិបាលស្រុកបានបញ្ជាក់ថា នៅពេលនេះមន្ត្រីសុខាភិបាលកំពុងតែស្វែងរកអ្នកដែលជាប់ពាក់ព័ន្ធបន្ថែមទៀត ដើម្បីធ្វើសំណាករកមេរោគកូវីដ១៩ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។

លោក រ័ត្ន ដាស៊ីណង់ បានឱ្យដឹងទៀតថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩ នៅផ្សារតាយ៉ាវនេះ គឺភាគច្រើនជាអាជីវករលក់ដូរចម្រុះនៅក្នុងផ្សារ ព្រមទាំងបានចម្លងទៅឪពុក ម្តាយ ព្រមទាំងទារកម្នាក់ អាយុ៧ខែផងដែរ៕