(ត្បូងឃ្មុំ)៖ ផ្សារធំខេត្តត្បូងឃ្មុំ ដែលជាផ្សារខេត្តធំជាងគេបង្អស់នៅក្នុងខេត្តត្បូងឃ្មុំ ត្រូវបានកំណត់ថា នឹងចាប់ផ្តើមការសាងសង់នៅក្នុងខែសីហានេះហើយ។ នេះបើតាមការលើកឡើងរបស់ម្ចាស់គម្រោងអភិវឌ្ឍន៍ ទីក្រុងពាណិជ្ជកម្ម មរតកត្បូងឃ្មុំ ដែលជាគម្រោងអភិវឌ្ឍន៍ចំរុះ ដែលត្រូវបានផ្តល់សិទ្ធិដោយរដ្ឋបាលខេត្ត ក្នុងការសាងសង់ផ្សារធំត្បូងឃ្មុំនេះនៅក្នុងបរិវេណគម្រោងអភិវឌ្ឍន៍របស់ខ្លួន។
ស្ថិតនៅចំកណ្តាលតំបន់ពាណិជ្ចកម្មខេត្ត និងស្ថិតនៅចម្ងាយប្រមាណតែ៥នាទី ពីតំបន់រដ្ឋបាលខេត្ត ផ្សារធំត្បូងឃ្មុំនេះនឹងក្លាយជាដែកឆក់មួយដ៏សំខាន់ក្នុងការស្រូបទាញសកម្មភាពអាជីវកម្មនានា និងជាពិសេសនឹងចូលរួម យ៉ាងសកម្ម ក្នុងការអភិវ្ឍន៍តំបន់ពាណិជ្ជកម្មខេត្តស្របតាមផែនការអភិវឌ្ឍន៍មេរបស់ខេត្តត្បូងឃ្មុំផងដែរ។
លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា លោកមានសុទិដ្ឋិនិយម និងភាពជឿជាក់យ៉ាងមុតមាំថា ផ្សារធំត្បូងឃ្មុំនេះនឹងរួមចំនែកយ៉ាងសំខាន់ក្នុងការជួយឲ្យតំបន់ពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ក្លាយជាតំបន់ពាណិជ្ជកម្មចំរុះដ៏រស់រវើកមួយដែលផ្គត់ផ្គង់ផលិតផល និងសេវាកម្មជាច្រើនប្រភេទទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ ដែលនឹងមកប្រកបអាជីវកម្មនិងរស់នៅក្នុងតំបន់ពាណិជ្ជកម្មខេត្តនេះ។
ជាការចូលរួមចំណែកពីរាជរដ្ឋាភិបាលក្នុងការជួយអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្មខេត្តនេះ និងជាពិសេសដើម្បីបង្ករភាពងាយស្រួលក្នុងការធ្វើដំនើរមកកាន់ផ្សារខេត្តនេះ រដ្ឋបាលខេត្តត្បូងឃ្មុំបានសាងសង់ និងដាក់ឲ្យប្រើប្រាស់រួចរាល់នូវផ្លូវកៅស៊ូទំហំ៥០ម និង៣០ម ជាច្រើនខ្សែដើម្បីបម្រើដល់តម្រូវការរបស់ប្រជាពលរដ្ឋដែលចង់ប្រកបមុខរបរ រស់នៅ និងធ្វើដំណើរឆ្លងកាត់តំបន់ពាណិជ្ជកម្មខេត្តនេះ។
ផ្សារធំត្បូងឃ្មុំនេះមានទីតាំងស្ថិតនៅក្នុងគម្រោង ទីក្រុងពាណិជ្ជកម្ម មរតកត្បូងឃ្មុំ ដែលជាគម្រោងអភិវឌ្ឍន៍ចំរុះឈានមុខគេនៅក្នុងខេត្តត្បូងឃ្មុំ។ នៅក្នុងឱកាសបើកការសាងសង់ផ្សារធំត្បូងឃ្មុំនេះផងដែរ គម្រោងទីក្រុងពាណិជ្ជកម្ម មរតកត្បូងឃ្មុំនេះក៏នឹងធ្វើការបើកលក់ផ្ទះអាជីវកម្មនៅជុំវិញផ្សារនិងតូបផ្សារជាច្រើនផងដែរ ក្នុងតម្លៃពិសេសជាមួយនឹងការបញ្ចុះតម្លៃដ៏អស្ចារ្យ៕