(បន្ទាយមានជ័យ)៖ ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលជាអតីតសមរភូមិក្តៅ បានសម្តែងនូវការសាទរ និងថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានគិតគូរ និងផ្តល់វ៉ាក់សាំង ដើម្បីចាក់ជូនដល់ពួកគាត់ នាដំណាក់កាលរាតត្បាតជំងឺកូវីដ១៩។
ការថ្លែងអំណរគុណបែបនេះ របស់ប្រជាពលរដ្ឋក្នុងស្រុកម៉ាឡៃ បានធ្វើឡើងបន្ទាប់ពីពួកគាត់បានបន្តទទួលចាក់វ៉ាក់សាំងដូសទី២ ដោយឥតគិតថ្លៃ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ ដែលបើកយុទ្ធនាការចាក់ដោយតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការបន្តដឹកនាំ ក្រុមការងារចាក់វ៉ាក់សាំង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ។
ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋទាំងអស់បានសម្ដែងក្តីសប្បាយរីករាយយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាប្រមុខដឹកនាំដ៏ឈ្លៀសវៃ នៅក្នុងកាលៈទេសៈដ៏លំបាកនេះ សម្ដេចបានស្វះស្វែងរកជំនួយវ៉ាក់សាំង និងទិញវ៉ាក់សាំងមកចាក់ជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល ប្រជាពលរដ្ឋ កម្មករ កម្មការិនី និងនិយោជិត ដោយឥតគិតថ្លៃ។
សូមបញ្ជាក់ថា ការបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ គឺបានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាឱ្យបើកយុទ្ធនាការថ្នាក់ជាតិចាក់វ៉ាក់សាំងកូវីដ១៩ ដល់ប្រជាពលរដ្ឋ ចាប់ពីអាយុ១៨ឆ្នាំ ឡើងទៅដោយផ្តើមចេញពីតំបន់ក្រហម៕