(បន្ទាយមានជ័យ)៖ កម្លាំងនគរបាល នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ដែលជាកម្លាំងនគរបាលការពារព្រំដែនក្នុងភូមិសាស្ត្រ នៃខេត្តបន្ទាយមានជ័យ បានចូលរួមអនុវត្តការទប់ស្កាត់ការរីករាលដាលកូវីដ១៩ កុំឱ្យធ្លាយពីព្រំដែនចូលមកក្នុងសហគមន៍ប្រជាពលរដ្ឋក្នុងប្រទេស តែក៏ឈានដល់ការឆ្លងជំងឺកូវីដនេះមកដល់ពួកគាត់។
ក្រោយពេលឆ្លងជំងឺកូវីដភ្លាមៗ ពួកគាត់ក៏ទទួលបានការព្យាបាលទាន់ពេលនៅមណ្ឌលព្យាបាល ដែលអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨៩១ បានរៀបចំរួចជាស្រេចនៅមណ្ឌលព្យាបាលប៉ារាម៉ា ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ខណៈពេលដែលមន្ត្រីនគរបាលខាងលើកំពុងសម្រាកព្យាបាលជំងឺកូវីដនោះ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ ឈិន ឈាង មេបញ្ជាការរងទទួលទិសប៉ុស្តិ៍ក្បាលស្ពាន នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨៩១ និងលោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកប៉ុស្តិ៍ក្បាលស្ពាន នៃវរសេនាតូចលេខ ៨៩១ បានចុះសួរសុខទុក្ខឈរពីចម្ងាយ ព្រមទាំងបាននាំយកថវិកាមូលនិធិមួយចំនួនរបស់ប៉ុស្តិ៍ក្បាលស្ពាន ផ្តល់ជូនមន្ត្រីនគរបាលប៉ុស្តិ៍ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដទាំងនោះផងដែរ។
លោកវរសេនីយ៍ទោ ឈិន ឈាង មេបញ្ជាការរងទទួលទិសប៉ុស្តិ៍ក្បាលស្ពាន ក៏បានកោតសរសើរអំពីស្មារតីការពារព្រំដែន ការពារជាតិ និងប្រជាជនកម្ពុជារបស់កម្លាំងនគរបាលខាងលើ ពិសេសក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ ព្រមទាំងជូនពរដល់មន្ត្រីនគរបាលដែលសម្រាកព្យាបាលជំងឺកូវីដឱ្យឆាប់ជាសះស្បើយ និងឱ្យមានសុខភាពល្អដូចដើមវិញផងដែរ៕