(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ បានបន្តនាំអំណោយរដ្ឋបាលខេត្តផ្ដល់ជូនមន្ត្រីនៃមន្ទីរព័ត៌មានខេត្តកំពង់ចាម ដែលកំពុងធ្វើចត្តាឡីស័ក។

មន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា រហូតមកដល់ពេលនេះ ខេត្តកំពង់ចាមមានមន្ទីរចំនួន ៤ ដែលមានមន្ត្រីជាប់ពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ១៩ ហើយត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅក្នុងអង្គភាពតែម្ដង។ មន្ទីរទាំងបួននោះ រួមមាន មន្ទីរពាណិជ្ជកម្ម មន្ទីរទេសចរណ៍ មន្ទីរផែនការ និងមន្ទីរព័ត៌មាន។

មន្ត្រីដដែលបានបន្តថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អភិបាលខេត្តកំពង់ចាម ក៏បាននាំអំណោយរបស់រដ្ឋបាលខេត្តផ្ដល់ជូនអង្គភាពមន្ទីរនីមួយៗ ដើម្បីឲ្យមន្ត្រីដែលជាប់ធ្វើចត្តាឡីស័ក ដោះស្រាយបញ្ហាហូបចុក និងសម្ភារៈសម្រាប់ប្រើប្រាស់ការពារការឆ្លងរាលដាលជំងឺកូវីដ១៩ ផងដែរ ក្នុងនោះមានដូចជាមន្ត្រីម្នាក់ទទួលបានអង្ករ ២៥គីឡូក្រាម និងមី ១កេស។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត អ៊ុន ចាន់ដា ក៏បានឧបត្ថម្ភបន្ថែមនូវទឹកបរិសុទ្ធ ១០កេស ជែល ១កេស និងម៉ាសចំនួន ១,០០០ម៉ាសផងដែរ សម្រាប់ប្រើប្រាស់រួមក្នុងអង្គភាពនីមួយៗ៕