(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានជំរុញឲ្យថ្នាក់ដឹកនាំនៃមន្ទីរ-អង្គភាពនីមួយៗ ត្រូវបង្កើនស្មារតីលើការរៀបចំគម្រោងចំណូលថវិការបស់ខេត្តកំពត់សម្រាប់ឆ្នាំ២០២២ ដើម្បីជួយបន្តការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ និងសេដ្ឋកិច្ច-សង្គមនៅក្នុងខេត្ត សំដៅបម្រើប្រយោជន៍សាធារណៈ ក៏ដូចជាប្រជាពលរដ្ឋបានកាន់តែប្រសើរឡើងថែមទៀត។
ការលើកឡើងរបស់លោកអភិបាលខេត្ត ជាវ តាយ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាស្ដីពីការរៀបគម្រោងចំណូលរបស់រដ្ឋបាលខេត្តសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្ត នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ដោយចូលរួមពីមន្ត្រីនៃមន្ទីរ-អង្គភាពពាក់ព័ន្ធ ដែលមានលទ្ធភាពអាចប្រមូលប្រភពចំណូលចូលថវិការដ្ឋ។
លោក ជាវ តាយ បានលើកឡើងថា ការអភិវឌ្ឍ ក៏ដូចជាការលើកកម្ពស់សេដ្ឋកិច្ចសង្គមជាតិកម្ពុជា ពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធរដ្ឋបាលនៅថ្នាក់ក្រោមជាតិរីកចម្រើនទៅបាន គឺអាស្រ័យពឹងផ្អែកលើប្រភពចំណូលចូលថវិការដ្ឋ។ ជាក់ស្ដែង ការអភិវឌ្ឍប្រទេស និងការជំរុញល្បឿនសេដ្ឋកិច្ចសង្គមកម្ពុជា ដែលមានការរីកចម្រើនមកដល់ពេលនេះ គឺរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ តែងបានដាក់ចេញនូវគោលនយោបាយ និងការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងថវិកាជាតិបានយ៉ាងមានប្រសិទ្ធភាពល្អប្រសើរ ហើយកិច្ចប្រជុំនេះ គឺជាការងារសំខាន់មានគោលបំណង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងចំណូលថវិកាសម្រាប់ខេត្តកំពត ក្នុងនោះមានកំណត់គោលដៅអំពីការគ្រោង ការប្រមូល ការបែងចែក ការបង់ និងការប្រើប្រាស់ចំណូលដែលបានពីកម្រៃនៃការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈផ្សេងៗ ប្រភពចំណូលមិនមែនសារពើពន្ធ តាមរយៈការប្រគល់ ឬការធ្វើប្រតិភូកម្មមុខងារពីក្រសួង-ស្ថាប័ននានា រដ្ឋបាលក្រុង-ស្រុក និងអង្គភាពច្រកចេញចូលតែមួយរបស់ខេត្ត។
ដោយការប្រមូលនេះទៀតសោត ផ្អែកលើមូលដ្ឋានទិន្នន័យសមស្រប និងផ្អែកតាមប្រភេទ និងតម្លៃសេវាដែលបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងត្រូវគ្រោងចំណូលដែលបានប៉ាន់ស្មាននេះនៅក្នុងគម្រោងថវិកាប្រចាំឆ្នាំរបស់ខ្លួន ទៅតាមចំណាត់ថ្នាក់នៃមាតិកាថវិកា។
លោក ជាវ តាយ បានថ្លែងយ៉ាងដូច្នេះថា «ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនីមួយៗដែលពាក់ព័ន្ធមានប្រភពចំណូល ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ក្នុងការប្រមូលឲ្យមានប្រសិទ្ធភាពគ្រប់ប្រភពចំណូលថវិកាខេត្ត សម្រាប់បន្តការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ និងសេដ្ឋកិច្ច-សង្គមនៅក្នុងខេត្ត សំដៅបម្រើប្រយោជន៍សាធារណៈ ក៏ដូចជាប្រជាពលរដ្ឋបានកាន់តែប្រសើរឡើងថែមទៀត»។
កិច្ចប្រជុំនេះ គឺជាការផ្ដល់ឱកាសដល់មន្ទីរ-អង្គភាព វិស័យ ជំនាញពាក់ព័ន្ធ តាមរយៈការប្រគល់ ឬការធ្វើប្រតិភូកម្មមុខងារពីក្រសួង-ស្ថាប័ននានា ក្នុងការបម្រើសេវារដ្ឋបាល និងសេវាសាធារណៈផ្សេងទៀត ព្រមទាំងប្រភពចំណូលដែលមិនមែនសារពើពន្ធ។
ក្នុងនោះមានមន្ទីរសុខាភិបាល មន្ទីរទេសចរណ៍ មន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរព័ត៌មាន មន្ទីរបរិស្ថាន មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មន្ទីររ៉ែ និងថាមពល មន្ទីរពាណិជ្ជកម្ម មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីរសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ជាដើម៕