(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌឫស្សីកែវ បានសម្រេចចេញសេចក្ដីជូនដំណឹងផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារតូចទួលសង្កែ នៃសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រយះពេល១៤ថ្ងៃ គិតចាប់ពីម៉ោង ១២៖០០នាទីយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ដើម្បីបង្កា និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩ ក្នុងសហគមន៍។
នេះបើតាមសេចក្ដីជូនដំណឹងរបស់លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលអ្នកយកព័ត៌មានអង្គភាព Fresh News ទទួលបាននៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១។
ក្រៅពីផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារតូចទួលសង្កែ ដោយយោងស្ថានភាពចាំបាច់ នៃការរីករាលដាលខ្លាំងជំងឺកូវីដ-១៩ ជាពិសេសមេរោគបម្លែងថ្មី Delta ក្នុងរាជធានីភ្នំពេញ, រដ្ឋបាលខណ្ឌឫស្សីកែវ មានក្ដីសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន ជាពិសេសអាជីវករទាំងអស់ ដែលកំពុងប្រកបអាជីវកម្មក្នុងផ្សារតូចទួលសង្កែ មានការយោគយល់អធ្យាស្រ័យ និងចូលរួមអនុវត្តសេចក្ដីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់៕