(កំពង់ធំ)៖ លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងលោក អ៊ុត សំអន អភិបាលខេត្ត រសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសតែងតាំង អភិបាលស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅសាលាស្រុកសណ្តាន់ ដោយមានការចូលរួម ពីអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្តស្រុក និងលោកគ្រូអ្នកគ្រូ និងមន្ត្រីជាច្រើនទៀត ។
លោក ឡង គីស៊ឹង ជានាយករដ្ឋបាលសាលាខេត្តកំពង់ធំ ដែលទើបប្រកាសចូលកាន់តំណែងថ្មី បានធ្វើការប្តេជ្ញា និងយកចិត្តទុកដាក់ បំពេញការងារឲ្យមានប្រសិទ្ធិភាព និងតាមគោលនយោបាយរបស់
រាជរដ្ឋាភិបាលព្រមទាំងខិតខំ បំពេញនូវបេសកកម្ម ដែលថ្នាក់លើបានប្រគល់ ជូននូវភារកិច្ចឲ្យ និងបន្តការជំរុញអនុវត្តការងារ ឲ្យបានប្រសើរមាននិរន្តរភាព និងប្រសិទ្ធិភាព ពិសេសខិតខំដោះស្រាយជូន
ប្រជាពលរដ្ឋប្រកបដោយភាពទំនួលខុសត្រូវ ។
លោកបានបន្តទៀតថា សម្រាប់តំណែងថ្មីនេះ លោកនិងប្តេជ្ញាធ្វើការពង្រឹង នូវរបៀបរបបការងារ និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ដោយប្រកាន់យកនូវ អភិក្រមការងារបួនគឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាល» និងប្តេជ្ញាពង្រឹងសមត្ថភាពយល់ដឹងអំពីច្បាប់ គោរពប្រតិបត្តិតាមច្បាប់ និងគោលការណ៍ដឹកនាំផ្សេងៗរបស់រដ្ឋាភិបាល រួមទាំងប្តេជ្ញាពង្រឹងទំនាក់ទំនងការងារ
តាមឋានានុក្រម និងសាមគ្គីភាពផ្ទៃក្នុង ឲ្យបានទូលំទូលាយប្រកបដោយតម្លាភាព និងរៀបចំហេដ្ឋារចនាសម្ព័ន្ធឲ្យបានល្អប្រសើរ។
លោក អ៊ុត សំអន បានផ្តាំផ្ញើលោកអភិបាលស្រុក ដែលទើបតែងតាំងថ្មី ត្រូវសហការសាមគ្គីភាពផ្ទៃក្នុង ឲ្យបានល្អ ត្រូវយកអ្វីៗដាក់លើតុ តម្លាភាព ហើយសម្រេចចិត្តដោយក្រុម និងត្រូវមានទំនាក់ទំនងជាមួយ មហាជនប្រកបដោយគុណធម៌និងសីលធម៌ ជាពិសេសធ្វើអ្វីមួយ ត្រូវផ្អែកលើគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ៕