(ភ្នំពេញ)៖ ខណៈដែលក្រសួងទេសចរណ៍ បាននិងកំពុងរៀបចំការបើកទេសចរណ៍ឡើងវិញ ប្រកបដោយសុវត្ថិភាពនោះ សមាគមធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក (PATA) និងទូរទស្សន៍លំដាប់អន្តរជាតិ BBC បានបង្ហាញគាំទ្រផែនការបើក ទេសចរណ៍ឡើងវិញនេះយ៉ាងពេញចិត្ត និងបានប្ដេជ្ញាចូលរួមផ្សព្វផ្សាយអំពីផែនការនេះទៅកាន់ពិភពលោកផងដែរ។
ការបង្ហាញការគាំទ្រនេះ ធ្វើឡើងកិច្ចសម្ភាសក្នុងកម្មវិធី «Destination Insights Series» ក្រោមការរៀបចំរបស់សមាគមទេសចរណ៍ធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិច (PATA) សហការជាមួយបណ្ដាញសារព័ត៌មាន BBC ក្នុងនោះលោក ថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ជាវាគ្មិនតំណាងប្រទេសកម្ពុជា។ កម្មវិធីនេះដែរធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ Zoom នារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ផ្ដោតសំខាន់ទៅលើការនិន្នាការបច្ចុប្បន្ន ក្នុងអំឡុងវិបត្តិកូវីដ-១៩ និងការស្ដារវិស័យទេសចរណ៍ឡើងវិញ។
ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ BBC លោក ថោង រដ្ឋសក្តិ បានបញ្ជាក់ពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ល្បឿននៃការចាក់វ៉ាក់សាំងដ៏ខ្លាំង ដើម្បីបញ្ចប់ការចាក់វ៉ាក់សាំងឲ្យបានតាមគោលដៅ ៨០% នៃប្រជាជន នៅចុងឆ្នាំ២០២១។
លោកអគ្គនាយកក៏បានរំលឹកអំពីវិធានសង្គ្រោះអាជីវកម្ម និងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍កន្លងមករបស់រាជរដ្ឋាភិបាល និងបានប្រាប់អំពីយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យអាយុចាប់ពី ១២-១៧ឆ្នាំ, គម្រោងចាក់វ៉ាក់សំាងដូសទី៣ និងកិច្ចខិតខំប្រឹងប្រែងផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល ដែលទាំងនេះនឹងចូលរួមដល់ការស្ដារឡើងវិញនូវទំនុកចិត្ត និងភាពជឿជាក់ក្នុងការធ្វើដំណើររបស់ទេសចរជាតិ និងអន្តរជាតិ។
លោកអគ្គនាយក ថោង រដ្ឋសក្តិ បានបញ្ជាក់ទៀតថា «ក្រសួងទេសចរណ៍ បាននិងកំពុងរៀបចំនូវក្របខណ្ឌយុទ្ធសាស្ត្រនៃការបើកទេសចរណ៍ឡើងវិញ ប្រកបដោយសុវត្ថិភាព គ្មានការឆ្លងរីករាលដាល»។
លោកក៏បានជម្រាបជូនដល់សមាគមធ្វើដំណើរអាស៊ីប៉ាសស៊ីហ្វិក និងទូរទស្សន៍ BBC អំពីផែនការបើកទេសចរណ៍នៅកម្ពុជាឡើងវិញ នៅចុងឆ្នាំ២០២១នេះ ដោយត្រូវរៀបចំដោយយកចិត្តទុកដាក់ខ្ពស់ដល់សុខភាព និងសុវត្ថិភាពសាធារណៈជាអាទិភាព តាមរយៈការពិគ្រោះយោបល់ជាមួយអាជ្ញាធរពាក់ព័ន្ធ និងការចូលរួមពីគ្រប់ភាគី ព្រមទាំងអាស្រ័យលើស្ថានការណ៍ចាក់ស្ដែង ស្របតាមផែនទីបង្ហាញផ្លូវសម្រាប់ការលើកស្ទួយ និងស្ដារវិស័យទេសចរណ៍កម្ពុជាអំឡុង និងក្រោយវិបត្តិកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានអនុម័តកាលពីដើមឆ្នាំ២០២១។
តំណាងក្រសួងទេសចរណ៍រូបនេះ ក៏បានជម្រាបអំពីការរៀបចំវេទិកាទេសចរណ៍អាស៊ាន ២០២២ នៅក្រុងព្រះសីហនុ ដែលរួមមានកិច្ចប្រជុំ និងការតាំងពិព័រណ៍ខ្នាតតូចល្មម ដោយត្រូវអនុវត្តតាមវិធានសុវត្ថិភាព និងអនាម័យនានាយ៉ាងតឹងរឹង៕