(ភ្នំពេញ)៖ ជនជាប់ចោទចំនួនពីរនាក់ ដែលជាវិស្វករសំណង់ និងជានាយកគ្រប់គ្រង និងអ្នកចាត់ការទូទៅក្រុមហ៊ុន សុវណ្ណ ឧត្តម អ៉ី&ស៉ី ត្រូវបានចៅក្រមតុលាការក្រុងភ្នំពេញ បើកសវនាការពាក់ព័ន្ធសំណុំរឿងបរិហាកេរ្ដិ៍ ដោយសម្រេចផ្ដន្ទាទោសពិន័យជាប្រាក់ម្នាក់ៗ២លានរៀល និងបង្គាប់អោយរួមគ្នាសងជម្ងឺចិត្ត ទៅជនរងគ្រោះចំនួន៨០លានរៀល តែបើកផ្លូវប្ដឹងឧទ្ធរណ៏តាមច្បាប់ ។
យោងតាមសាលក្រមព្រហ្មទណ្ឌរបស់សាលាដំបូងរាជធានីភ្នំពេញលេខ ២២៩០ «ឃ១» ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ចេញដោយចៅក្រមជំនុំជំរះ សាយ ស្រីល័ក្ខណ៏ ក្នុងសំណុំរឿងបណ្ដឹងបទបរិហាកេរ្ដ៍ដែលមានលោកផេង គីមហុង មេធាវីតំណាងអោយជនរងគ្រោះ មានទីលំនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ជាដើមបណ្ដឹងចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ដោយទី១៖ ប្ដឹងក្រុមហ៊ុន Posteck Prestressing Co.,LTD មានអាស័យដ្ឋាននៅប្រទេសថៃ, ទី២៖ ប្ដឹងឈ្មោះ ស៊ុក តារាវុធ ភេទប្រុស អាយុ៣៣ឆ្នាំ មានមុខរបរជានាយកគ្រប់គ្រងក្រុមហ៊ុន សុវណ្ណ ឧត្តម អ៉ី&ស៉ី មានអាស័យដ្ឋានស្ថិតនៅផ្ទះលេខ ១៤០WHE0 ផ្លូវលេខ៦ ភូមិទួលគោក សង្កាត់ទួលសង្កែ និងទី៣៖ ប្ដឹងឈ្មោះ ទូច សុខហេង ភេទប្រុស អាយុ៣៣ឆ្នាំ មានមុខរបរជាអ្នកចាត់ការទូទៅក្រុមហ៊ុន សុវណ្ឌ ឧត្តម អ៉ី&ស៉ី មានអាស័យដ្ឋានស្ថិតនៅផ្ទះលេខ ១៤០WHE0 ផ្លូវលេខ៦ ភូមិទួលគោក សង្កាត់ទួលសង្កែ និងមានគណនីហ្វេសប៊ុកឈ្មោះ Sokheng Ptrc ពីបទបរិហាកេរ្ដិ៍ ដែលបានប្រព្រឹត្តិនៅរាជធានីភ្នំពេញ តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០។
ក្នុងនោះចៅក្រមជំនុំជំរះ បានសម្រេចផ្ដន្ទាទោសជនជាប់ចោទទាំងពីរនាក់ខាងលើ ដោយពិន័យជាប្រាក់ម្នាក់ៗ២លានរៀល និងបង្គាប់អោយរួមគ្នាសងជម្ងឺចិត្តដល់ជនរងគ្រោះ ចំនួន៨០លានរៀលផងដែរ។
សូមបញ្ជាក់ថា យោងតាមពាក្យបណ្ដឹង បានអះអាងថា ក្រុមហ៊ុន SNP-PT inthernastional CO.,LTD គឺជាក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្មស្របច្បាប់ មានវិញ្ញាបនបត្រត្រឹមត្រូវ ស្រាប់តែនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ មានគណនីហ្វេសប៊ុកឈ្មោះ Posteck Prestressing បានយករូបភាពគំរូសម្ភារដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន SNP-PT inthernastional CO.,LTD និងឈ្មោះក្រុមហ៊ុនទៅបង្ហោះ ហើយសរសេររៀបរាប់ក្នុងន័យថា ក្រុមហ៊ុនបានលួចចម្លងសម្ភាររបស់ក្រុមហ៊ុនគេ ហើយបន្តបន្ទាប់មក គណនីហ្វេសប៊ុករបស់ឈ្មោះ ស៊ុក តារាវុធ និងឈ្មោះ ទូច សុខហេង បានយករូបភាពនោះទៅបង្ហោះចែកចាយបន្តដោយសរសេរក្នុងន័យស្រដៀងៗគ្នា គឺមានន័យថា ក្រុមហ៊ុន SNP-PT inthernastional CO.,LTD បានលួចចម្លងសម្ភាររបស់ក្រុមហ៊ុនគេដែលទង្វើខាងលើ បានធ្វើអោយប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ក្រុមហ៊ុនយ៉ាងខ្លាំង រួមទាំងប៉ះពាល់ដល់គម្រោងការងាររបស់ក្រុមហ៊ុន ដែលអតិថិជនកំពុងពិចារណាផ្ដល់ការងារផងដែរ៕