(ស្ទឹងត្រែង)៖ កម្លាំងនគរបាលការិយាល័យ "ក៩" នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំង BLO ប្រចាំច្រកត្រពាំងក្រៀល និងនគរបាល ខេត្តស្ទឹងត្រែងនៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ បានបើកប្រតិបត្តិការ ទ្រង់ទ្រាយធំ ចុះទៅបង្ក្រាប និងចាប់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនដ៏ធំម្នាក់ ជាជនជាតិឡាវ ដោយដកហូតថ្នាំជាង៤គីឡូក្រាម។
លោក យិន បញ្ញារិទ្ធ នាយការិយាល័យ "ក៩" បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅយប់នេះថា ប្រតិបត្តិការបង្ក្រាបមេក្លោងជួញដូរគ្រឿងញៀន ជាជនជាតិឡាវនេះ បានធ្វើឡើងនៅ ចំណុចច្រករបៀងត្រពាំងក្រៀល ស្ថិតនៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ពៅ សំអេង នាយរងមន្ទីរ ប្រឆាំងគ្រឿងញៀន និងក្រោមការសម្របសម្រួលពី តំណាងអយ្យការ អមសាលាដំបូងខេត្តលោកស្រី ស៊ុន យឺត។
លោក យិន បញ្ញារិទ្ធ បានបញ្ជាក់ថា មេក្លោងជួញដូរគ្រឿងញៀន រូបនេះមានឈ្មោះ ខាំ សៃញ៉ាវង្សា អាយុ៤៦ឆ្នាំ រស់នៅភូមិចមភិត ស្រុកខាំខេត ខេត្តខាំមួន ប្រទេសឡាវ។ បើតាមនាយការិយាល័យ សម្រាប់ប្រតិបត្តិការខាងលើនេះ កម្លាំងនគរបាល បានដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន ( ICE ) ទឹកកក២ដុំ ស្មើ ២គីឡូ និងប្រភេទហេរ៉ូអ៊ីន(អាភៀន)៦ដុំ ស្មើ២៣២៧.៨ ក្រាម។
លោក យិន បញ្ញារិទ្ធ បានបន្តថា ក្រោយទទួលព័ត៌មានសំងាត់ ស្តីពីករណីជួញដូរគ្រឿងញៀនដ៏ធំ នៅចំណុចព្រំដែន ខេត្តស្ទឹងត្រែងខាងលើនេះ កម្លាំងនគរបាលជំនាញ ក្រោមការបញ្ជា ផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ខៀវ សាម៉ន ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន និង លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានចុះទៅស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ រហូតបង្ក្រាបជាក់ស្តែងតែម្តង ហើយក្រៅពីការដកហូតថ្នាំញៀន កម្លាំងនគរបាលបានដកហូតរថយន្តមួយគ្រឿងផងដែរ៕