(ស្ទឹងត្រែង)៖ អាជ្ញាធរខេត្តស្ទឹងត្រែង នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ បំប្លែងថ្មី Detal ចំនួន២ករណី ជាអ្នកធ្វើដំណើរមកពីខេត្តឧត្តរមានជ័យ។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី០៥ ខែសីហានេះ។
រដ្ឋបាលខេត្តបានឱ្យដឹងថា «ក្រុមគ្រូពេទ្យជំនាញបានទទួលលទ្ធផលពីការវិភាគរកប្រភេទមេរោគបំប្លែងថ្មី (Delta) ពីវិទ្យាស្ថានប៉ាស្ទ័រ ដោយបានរកឃើញលើអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០២នាក់»។
អ្នកជំងឺទាំងពីរនាក់ដែលបានរកឃើញនេះគឺជាអ្នកជំងឺដែលបានដាក់ឱ្យសម្រាកព្យាបាលនៅអគារព្យាបាលអ្នកជំងឺកូដ១៩ (មណ្ឌលចត្តាឡីស័កកម្រិត២)។ ជុំវិញករណីនេះក្រុមការងារជំនាញថ្នាក់ខេត្ត កំពុងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់ ដើម្បីផ្ញើសំណាកវត្ថុវិភាគទៅវិទ្យាស្ថានប៉ាស្ទ័រ វិភាគរកប្រភេទមេរោគកូវីដ១៩បំប្លែងថ្មី ទៅតាមបច្ចេកទេសសុខាភិបាលបន្តទៀត។
ដោយសារវត្តមាននៃជំងឺកូវីដ១៩ បំប្លែងថ្មី មានវត្តមានក្នុងខេត្តស្ទឹងត្រែង ក្នុងន័យនេះរដ្ឋបាលខេត្តសូមអំពាវនាវក្រើនរំលឹកដល់ពុកម៉ែ ប្រជាពលរដ្ឋទាំងអស់ មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ និងបន្ថែមការការពារខ្លួន និងសមាជិកក្រុមគ្រួសារ ដោយអនុវត្តតាមវិធានការសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួន។
ក្នុងករណីមានការសង្ស័យមានការពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ក្នុងសហគមន៍ សូមទំនាក់ទំនងបន្ទាន់មកក្រុមការងារគ្រូពេទ្យជំនាញតាមរយៈលេខទូរស័ព្ទ៖ 088 636 3689 ឬ 088 877 8000 ឬ 017 778 000 ឬ 097 263 0564 ដើម្បីយកសំណាកវិភាគរកជំងឺកូវីដ១៩ ព្រមទាំងសហការជាមួយក្រុមការងារស្រាវជ្រាវ និងអាជ្ញាធរមានសមត្ថកិច្ចខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ឱ្យបានល្អប្រសើរ ដើម្បីធានាការពារបានសុខភាព និងអាយុជីវិតពីជំងឺដ៏កាចសាហាវនេះ៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្ទឹងត្រែង៖