(មណ្ឌលគិរី)៖ មន្រ្តីនគរបាលប៉ុស្តិ៍ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីម្នាក់ បានរងរបួសធ្ងន់ដោយសារគ្រាប់កាំភ្លើង កាលពីយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១។ ក្រុមជនបង្ក បានរត់គេចខ្លួន ហើយកម្លាំងសមត្ថកិច្ច កំពុងតាមចាប់។
សេចក្តីរាយការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ បានឲ្យដឹងថា កាលពីយប់ម្សិលមិញ មានករណីប្តីប្រពន្ធ២នាក់ ឈ្លោះប្រកែកគ្នា ពេលនោះពួកគេបានប្តឹងមក នគរបាលប៉ុស្តិ៍។ ក្រោយទទួលបានព័ត៌មាននេះកើតឡើង នាយនគរបាលប៉ុស្តិ៍ស្ពានមានជ័យ ដែលកំពុងផឹកស៊ីជាមួយជនបង្ក២នាក់ទៀត មានម្នាក់ឈ្មោះ ក្របី និងម្នាក់ទៀតក៏បានទៅជួយអន្តរាគមន៍ទាំងអស់គ្នា។
សេចក្តីរាយការណ៍បានបន្តថា នៅពេលទៅដល់ផ្ទះប្តីប្រពន្ធទាំង២នាក់ ស្រាប់តែជនសង្ស័យឈ្មោះ ក្របី បានទាញកំាភ្លើងពីកូនប្រសាររបស់អធិការនគរបាលស្រុកកោះញែក ទៅភ្ជង់បុរសជាប្តី ប៉ុន្តែបែរជារាលកៃទៅត្រូវចំមន្រ្តីនគរបាលប៉ុស្តិ៍ ម្នាក់ដែលចូលរួមដោះស្រាយដែរនោះ បណ្តាលឲ្យរងរបួសធ្ងន់។
ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ទោ ឡោ សុខា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃនេះថា កម្លាំងនគរបាលរបស់លោក កំពុងតាមចាប់ជនបង្កឈ្មោះ ក្របី ដែលបានរត់គេចខ្លួន។ សម្រាប់ជនរងគ្រោះដែលជាមន្រ្តីនគរបាលនោះ ត្រូវបានលោកឧត្តមសេនីយ៍ស្នងការ បញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។
យ៉ាងណាក៏ដោយ លោកស្នងការខេត្តមណ្ឌលគីរី បានបញ្ជាក់ថា ជនរងគ្រោះដែលជាមន្រ្តីនគរបាលប៉ុស្តិ៍នោះ មិនទាន់បានទទួលសំណង និងទារសំណងនោះឡើយ។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានបដិសេធថា ជនបង្កមានតែឈ្មោះ ក្របី ម្នាក់ប៉ុណ្ណោះ ហើយក៏គ្មានកូនប្រសារអធិការនគរបាលស្រុកកោះញែកនោះឡើយ។
នៅពេលនេះជនបង្កទាំងអស់ បាននិងកំពុងរត់គេចខ្លួន ខណៈជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕