(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារ ចុះជួយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានអំពាវនាវទៅដល់មន្ត្រីរាជការ ប្រជាពលរដ្ឋគ្រប់រូប និងព្រះសង្ឃតាមវត្តអារាមក្នុងខេត្តកំពង់ធំ សូមប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាព ខណៈពេលមេរោគកូវីដ១៩ បំប្លែងថ្មី ដែលតា (Delta) បានចូលមកដល់ខេត្តកំពង់ធំហើយ ព្រោះមេរោគមួយនេះងាយចម្លងយ៉ាងលឿន និងឆាប់រហ័សពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត។
ការអំពាវនាវបែបនេះរបស់លោកស្រី ឃួន ឃុនឌី បានធ្វើឡើងនៅក្នុងឱកាសលោកស្រីបាននាំយកនៅសម្ភារៈ និងគ្រឿងឧបភោគ ប្រគេននព្រះសង្ឃ និងប្រជាពលរដ្ឋ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ។
ជាមួយគ្នានេះដែរ លោកស្រី ឃួន ឃុនឌី បានថ្លែងថា ជំងឺដែលបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី Detal នេះ ត្រូវបានគេរកឃើញនៅខេត្តកំពង់ធំ វីរុសថ្មីមួយនេះ ជំងឺរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរហើយ វីរុសនេះត្រូវបានចម្លងតាមរយៈការប៉ះពាល់ផ្ទាល់ទៅនឹងដំណក់ទឹកតូចៗ ដែលចេញពីប្រព័ន្ធផ្លូវដង្ហើមរបស់អ្នកដែលបានឆ្លងវីរុស (តាមរយៈការក្អក និងកណ្តាស់) និងការប៉ះទៅលើផ្ទៃនានាមានវីរុស។ ហើយវីរុសនេះ អាចរស់នៅផ្ទៃខាងក្រៅបានជាច្រើនម៉ោង ប៉ុន្តែថ្នាំសម្លាប់វីរុសទូទៅអាចប្រើដើម្បីសម្លាប់វាបាន។
លោកស្រី ឃួន ឃុនឌី បានបញ្ជាក់ថា រោគសញ្ញាអាចជាគ្រុនក្តៅ ក្អក និងថប់ដង្ហើម។ ក្នុងករណីធ្ងន់ធ្ងរជាងនេះ ការឆ្លងវីរុសនេះអាចបណ្តាលឱ្យកើតជំងឺរលាកសួត ឬពិបាកដកដង្ហើម។ កាន់តែកម្រជំងឺនេះអាចបណ្តាលឱ្យស្លាប់បាន។ នេះជាមូលហេតុដែលតម្រូវឱ្យមានការធ្វើតេស្តដើម្បីបញ្ជាក់ថា អ្នកណាម្នាក់ពិតជាមានផ្ទុកវីរុសកូវីដ១៩។
សមាជិកព្រឹទ្ធសភារូបនេះ បានបន្ថែមទៀតថា ត្រូវចងចាំថា វិធានការការពារសំខាន់ៗ គឺមានលក្ខណៈដូចគ្នាដូចជា៖ លាងដៃឱ្យបានញឹកញាប់ និងរក្សាអនាម័យផ្លូវដង្ហើម (ខ្ទប់មាត់នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសជូតមាត់ និងបន្ទាប់មកបោះចោលក្រដាសជូតមាត់ក្នុងធុងសំរាមបិទជិត)។ លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ឬប្រើទឹកលាងដៃដែលមានជាតិអាល់កុល ខ្ទប់មាត់ និងច្រមុះរបស់អ្នកដោយប្រើកែងដៃ ឬក្រដាសជូតមាត់ នៅពេលក្អកឬកណ្តាស់ ហើយបោះចោលក្រដាសជូតមាត់ទៅក្នុងធុងសំរាមបិទជិត។ ជៀសវាងប៉ះពាល់ផ្ទាល់ជាមួយអ្នកដែលមានរោគសញ្ញាដូចជា ផ្តាសាយ ឬគ្រុនក្តៅ ទៅជួបគ្រូពេទ្យប្រសិនបើអ្នកក្តៅខ្លួន ក្អក ឬមានអារម្មណ៍ថាពិបាកដកដង្ហើម។
លោកស្រី ឃួន ឃុនឌី បានពន្យល់បន្ថែមទៀត ដល់មន្ត្រីរាជការ ព្រះសង្ឃ ដល់ប្រជាពលរដ្ឋគ្រប់រូប បញ្ហាពាក់ម៉ាស់ ប្រសិនបើពាក់ម៉ាស់ អ្នកត្រូវប្រើប្រាស់ និងបោះចោលវាឱ្យបានត្រឹមត្រូវ ដើម្បីធានានូវប្រសិទ្ធភាពរបស់វា និងជៀសវាងការកើនឡើងហានិភ័យនៃការចម្លងវីរុស។
លោកស្រី ឃួន ឃុនឌី បានបញ្ជាក់ថា ការប្រើប្រាស់ម៉ាស់តែមួយមុខគត់ គឺនៅមិនគ្រប់គ្រាន់ឡើយទេ ដើម្បីបញ្ឈប់ការចម្លង អ្នកត្រូវអនុវត្តរួមផ្សំជាមួយនឹងការលាងដៃឱ្យបានញឹកញាប់ ខ្ទប់មាត់ពេលកណ្តាស់ និងក្អក ហើយជៀសវាងការប៉ះពាល់ដោយផ្ទាល់នឹងអ្នកមានរោគសញ្ញាដូចជា៖ ផ្តាសាយ ក្អក កណ្តាស់ និងគ្រុនក្តៅ។
បន្ថែមពីនេះ សម្ភារៈបានផ្ដល់ទៅជូនរដ្ឋបាលស្រុក ដើម្បីចាត់ចែងក្នុងពិធីចាក់វ៉ាក់សាំងរួមមាន៖ មានទឹកបរិសុទ្ធវីតាល់ ១០០កេស, ទឹកផ្លែឈើ ២០កេស, ទឹកអាល់កុល ៩០លីត្រ, ម៉ាស១០០ប្រអប់ និងថវិការបស់លោកស្រីនិងគ្រួសារចំនួន ៤លានរៀល ព្រមទាំងបានប្រគេនគ្រឿងឧបភោគ បរិភោគដល់វត្តចំនួនពីរ នៅស្រុកកំពង់ស្វាយផងដែរ៕