(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា ដោយសារភាពច្បាស់លាស់ និងប្រាកដនិយមនៃការមកដល់របស់ចំនួនវ៉ាក់សាំង បង្ការមេរោគកូវីដ១៩ ទើបជំរុញឱ្យរាជរដ្ឋាភិបាលសម្រេចបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២-១៧ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ នោះមក។
ការថ្លែងបែបនេះរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានធ្វើឡើងក្នុងឱកាសញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយរបស់ចក្រភពអង់គ្លេសចំនួន ៤១៥,០០០ដូស នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១។
នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ដោយឈរលើស្មារតីប្រុងប្រយ័ត្នខ្ពស់ និងការយកចិត្តទុកដាក់ជាចម្បងចំពោះសុខភាពសាធារណៈ និងការជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាបណ្ដាប្រទេសជាច្រើន បាននិងកំពុងផ្តោតការយកចិត្តទុកដាក់ជាសំខាន់ លើយុទ្ធនាការចាក់វ៉ាក់សាំង ដែលជាដំណោះស្រាយដ៏សមស្របបំផុតក្នុងការប្រយុទ្ធ និងការគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
យោងតាមអង្គការសុខភាពពិភពលោក (WHO) វ៉ាក់សាំងពិតជាអាចការពារការឆ្លងមេរោគកូវីដ-១៩ រួមទាំងមេរោគបំប្លែងថ្មី ប្រភេទដែនតា (Delta) ផងដែរ។ ដោយយល់យ៉ាងច្បាស់អំពីអត្ថប្រយោជន៍ដ៏សំខាន់នេះហើយ ទើបរាជរដ្ឋាភិបាលបានខិតខំព្យាយាមស្វែងរកវ៉ាក់សាំង តាមរយៈយន្តការទ្វេភាគី ពហុភាគី ជំនួយមនុស្សធម៌ និងជាការបញ្ជាទិញដោយផ្ទាល់។ ការធានាបាននូវចំនួនវ៉ាក់សាំងគ្រប់គ្រាន់ ទាន់ពេលវេលា និងតាមផែនការដែលបានកំណត់ បានអនុញ្ញាតឱ្យរាជរដ្ឋាភិបាលបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ប្រកបដោយវឌ្ឍនភាពដ៏ល្អប្រសើរ តាមរយៈការប្រកាន់យកអភិក្រម «ផ្ការីក» ជាគោល។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ជាមួយនឹងភាពច្បាស់លាស់ និងប្រាកដនិយមនៃការមកដល់នូវចំនួនវ៉ាក់សាំងតាមគ្រប់យន្តការដែលមាន កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចមួយជំហានបន្ថែមទៀត គឺការចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុចាប់ពី ១២-១៧ឆ្នាំ ដែលមានចំនួនសរុបប្រមាណ ២ លាននាក់បន្ថែមទៀត»។
ស្របពេលជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញជូនដល់មន្ត្រីបម្រើសេវាសាធារណៈជួរមុខ ដែលកំពុងបម្រើការនៅតាមបណ្តាខេត្តនានា ដែលស្ថិតនៅតាមព្រំដែនជាមួយនឹងប្រទេសថៃ ដែលមេរោគបំប្លែងថ្មី ប្រភេទដែលតា កំពុងវាយលុក និងរាលដាល។
សម្ដេចបានគូសបញ្ជាក់ថា វ៉ាក់សាំង AstraZeneca ដែលជាជំនួយមនុស្សធម៌របស់ប្រជាជន និងរដ្ឋាភិបាលនៃចក្រភពអង់គ្លេសនេះ នឹងត្រូវប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញនេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប សូមចូលរួមសហការយ៉ាងសកម្ម និងពេញលេញជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយអនុវត្ត និងប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ជាពិសេសវិធានការ «៣-ការពារ និង ៣-កុំ» និងចូលរួមនៅក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដើម្បីការពារសុវត្ថិភាពសុខភាព ក៏ដូចជាសុខុមាលភាពរបស់គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។
សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវជាថ្មីទៀត ជាពិសេសដល់មាតាបិតា និងអាណាព្យាបាល ក្នុងការអនុញ្ញាត និងនាំកូនចៅ និងកូនក្មួយដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ មកចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា និងមិនត្រូវឱ្យមានប្រជាជនកម្ពុជាណាម្នាក់មិនបានចាក់វ៉ាក់សាំង នៅពេលដល់វេនរបស់ខ្លួននោះឡើយ៕