(ភ្នំពេញ)៖ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា បានរៀបចំកិច្ចប្រជុំមួយ ក្រោមអធិបតីភាព សម្ដេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្រ្តៃយ៍កាកបាទក្រហមកម្ពុជា ដើម្បីត្រៀមរៀបចំអបអរសាទរ ប្រារព្ធខួបទី១៥៣ នៃទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៦ ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា»។
នៅក្នុងកិច្ចប្រជុំនោះ អនុគណៈកម្មការនីមួយៗ បានរាយការណ៍នូវការងារដែលបានអនុវត្តរួច និងបានលើកឡើងចំណុចមួយចំនួន ដាក់ជូនអង្គប្រជុំដើម្បីពិនិត្យសម្រេច បន្ទាប់មកអង្គប្រជុំបានពិភាក្សាគ្នា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ទៅនឹងចំណុចមួយចំនួន ដែលអនុគណៈកម្មការនីមួយៗបានលើកឡើង ជាមួយគ្នានោះ សម្ដេចចៅហ្វាវាំង គង់ សំអុល ក៏បានឯកភាព និងសម្រេចនូវការងារដែលបានលើកឡើងដោយអនុគណៈកម្មការនីមួយៗ និងបានណែនាំដល់អង្គប្រជុំនូវការងារមួយចំនួនដែលត្រូវធ្វើឲ្យបានល្អ ដើម្បឲ្យការប្រារព្ធខួបទី១៥៣ នាពេលខាងមុខនេះ ប្រព្រឹត្តទៅទទួលបានលទ្ធផលជោគជ័យ ៕