(ព្រៃវែង)៖ លោក អេង ផេងអាន ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រៃវែង បានស្នើដល់ប្រជាពលរដ្ឋនៅខេត្តព្រៃវែងទាំងអស់ ក្នុងការរកសេវាពាក់ព័ន្ធជាមួយការធ្វើប្លង់ កាត់ប្លង់ដី ត្រូវកាន់ឯកសារទាំងនោះទៅច្រកចេញ-ចូលតែមួយនៅសាលាខេត្តព្រៃវែង មិនត្រូវពឹងពាក់លើអ្នករត់ការនោះឡើយ ដែលនាំឱ្យមានការចំណាយច្រើនហើយពុំបានលទ្ធផល ធ្វើឱ្យមានការអាក់អន់ស្រពន់ចិត្តចំពោះមន្ត្រីជំនាញដែលពុំបានដឹងរឿងអ្វីនោះឡើយ។
ការស្នើបែបនេះរបស់ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង បានធ្វើឡើនៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ បន្ទាប់ពីមានការត្អួញត្អែរពីប្រជាពលរដ្ឋចំពោះការរត់ឯកសារ កាត់ប្លង់ ឬផ្ទេរកម្មសិទ្ធិទិញលក់ដីធ្លី ឆ្លងកាត់ការិយាល័យភូមិបាលស្រុក ក្រុង និងមន្ទីរសុរិយោដីខេត្ត មានការចំណាយពេលយូរ និងចំណាយលុយច្រើនមុនពេលចេញផុតពីការិយាល័យ និងមន្ទីរទៅសាខាពន្ធដារខេត្ត។
លោក អេង ផេងអាន បានបន្តថា សព្វថ្ងៃនេះរាល់ឯកសារទាំងអស់រត់ការតាមរយៈច្រកចេញចូលតែមួយរបស់សាលាខេត្តព្រៃវែង ហើយករណីមានការយឺតយ៉ាវមួយចំនួនបណ្ដាលមកពី៖ ឯកសារពុំគ្រប់តម្រូវការឱ្យម្ចាស់បំពេញបន្ថែម, មន្ត្រីមានតិច, ការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់ និងភូមិបាលស្រុក ក្រុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលក្រុង ស្រុកថ្នាក់ក្រោមជាតិមិនមែនក្រោមការគ្រប់គ្រងរបស់មន្ទីរទេ, ករណីដែលបងប្អូនប្រជាពលរដ្ឋត្អូញត្អែរថាការកាត់ប្លង់ដីអស់លុយច្រើននោះគឺពួកគាត់ពឹងលើអ្នករត់ការមិនគួរដាក់បន្ទុកលើមន្ទីររៀបចំដែនដី។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋមួយចំនួននៅខេត្តព្រៃវែង បានឱ្យដឹងថា ករណីរត់ការកាត់ប្លង់ដី ទិញលក់ដី ចំណាយប្រាក់បង់អោយមន្ត្រីការិយាល័យភូមិបាលក្រុង ស្រុក និងមន្ទីរសុរិយោដីទាំង មានទាំងលើតុ និងក្រោមតុទៀតផងដែរ៕