(កំពង់ឆ្នាំង)៖ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ ថាលោកនឹងវែកមុខជនល្មើសលួចឈូសឆាយបំផ្លាញ ដីព្រៃលិចទឹករបស់រដ្ឋ យកមកផ្ដន្ទាទោសទោះតាមផ្លូវច្បាប់ ឱ្យខាងតែបាន និងតឹងរ៉ឹងបំផុត។
ការសន្យាអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹងបែបនេះ របស់លោក លី ឡា បានធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ពីក្រុមអ្នកសារព័ត៌មាន រយៈពេល២ ទៅ៣ថ្ងៃនេះ សមត្ថកិច្ចជំនាញបានចុះស្រាវជ្រាវរកឃើញដីព្រៃលិចទឹកតំបន់៣ ចំនួន៥កន្លែង លើទំហំជាង ១០ហិកតា នៅក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ដែលជនល្មើសបានលួចឈូសឆាយទន្ទ្រានយកជាកម្មសិទ្ធិ។
លោកបានបញ្ជាក់ថា ករណីនេះសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាជនល្មើស ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់បញ្ជូនទៅតុលាការ។ ចំណែកដីព្រៃលិចទឹក ដែលបានឈូសឆាយពីឆ្នាំចាស់ ក្នុងភូមិសាស្ត្រភូមិសេះស្លាប់ និងភូមិកំពង់អួរចំនួន ៣១ហិកតា គឺសមត្ថកិច្ចជំនាញបានរកឃើញមុខសញ្ញាជនល្មើសចំនួន ២នាក់ហើយ និងក៏បានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តរួចហើយដែរ។
ទាក់ទងនឹងករណីបទល្មើសខាងលើនេះដែរ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបញ្ជាក់ភ្នាក់ងារព័ត៌មាន Fresh News តាមទូរស័ព្ទ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ ឱ្យដឹងថា «ករណីដែលមានជនខិលខូចលួចឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋខាងលើនេះ លោកអភិបាលខេត្តបានប្រគល់ការងារនេះ ឱ្យលោក អម សុភា អភិបាលរងខេត្តចុះធ្វើការស្រាវជ្រាវនៅក្នុងមូលដ្ឋានជាក់ស្ដែងជាមួយមន្ទីរកសិក ម្ម និងមន្ត្រីជំនាញ ដើម្បីរួមគ្នាស្រាវជ្រាវកំណត់មុខសញ្ញាជនល្មើសឱ្យបានច្បាស់លាស់ និងចាត់ការតាមផ្លូវច្បាប់ឱ្យមានប្រសិទ្ធភាព។ ប៉ុន្តែករណីនេះលោក អម សុភា ជាប់រវល់ការងារច្រើនដោយបានសុំពេលវេលាចុះស្រាវជ្រាវនៅសប្តាហ៍ក្រោយនេះ»។
ប្រធានមន្ទីរកសិកម្មរូបនេះ បានបញ្ជាក់ថា ករណីដែលក្រុមអ្នកសារព័ត៌មានបានរាយការណ៍មកលោកនោះ មួយចំនួនធំបានចាត់ការទៅតុលាការរួចហើយ ដូចជានៅខុនរ៉ង ភូមិសេះស្លាប់ និងភូមិកំពង់អួរ។ ករណីខ្លះជនល្មើសដដែល ដែលធ្លាប់បានហាមឃាត់កន្លងមក ទៅធ្វើលើដីហាមឃាត់នោះផងដែរ។ ឥឡូវនេះត្រូវចុះទៅធ្វើការរួម ដើម្បីឱ្យមានភាពច្បាស់លាស់ទាំងអស់គ្នា ទាំងអាជ្ញាធរខេត្ត មន្ទីរកសិកម្ម និងមន្ត្រីជំនាញ។
លោក ងិន ហ៊ុន បានគូសបញ្ជាក់បន្ថែមទៀតថា៖ «ដោយឡែកករណីបទល្មើសនៅភូមិសេះស្លាប់ គឺជនល្មើសដែលបានលួចឈូសដីព្រៃនៅភូមិកំពង់អួរនោះ ក៏បានមកលួចឈូសព្រៃលិចទឹកតំបន់៣ ក្នុងភូមិសេះស្លាប់នេះបន្ថែមទៀត។ ករណីខាងលើនេះ ឆន្ទៈរបស់លោក និងសមត្ថកិច្ចជំនាញនឹងមិនលើកលែង ឬអត់ឱនឱ្យជនល្មើសដដែលៗខាងលើនេះរួចខ្លួនបាននោះឡើយ»៕