(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ បានអះអាងថា វ៉ាក់សាំងជាដំណោះស្រាយដ៏សមស្របបំផុត ដើម្បីប្រយុទ្ធនិងគ្រប់គ្រងការឆ្លងជំងឺកូវីដ១៩ រួមទាំងអាចការពារមេរោគបំប្លែងថ្មី ប្រភេទ Delta ផងដែរ។
សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអង់គ្លេស នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា «កម្ពុជាដ៏ដូចជាប្រទេសជាច្រើន បាន និងកំពុងផ្តោតការយកចិត្តទុកដាក់ជាសំខាន់ លើយុទ្ធនាការចាក់វ៉ាក់សាំង ដែលជាដំណោះស្រាយដ៏សមស្របបំផុត ក្នុងការប្រយុទ្ធ និងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ យោងតាមអង្គការសុខភាពពិភពលោក (WHO) វ៉ាក់សាំងពិតជាអាចផ្ដល់ការការពារទៅនឹងមេរោគកូវីដ១៩ រួមទាំងមេរោគបំប្លែងថ្មី ប្រភេទដែលតា (Delta) ផងដែរ»។
កាលពីពេលថ្មីៗនេះ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា វ៉ាក់សាំងទាំងអស់ដែលទទួលបានការអនុញ្ញាត សម្រាប់ការប្រើប្រាស់កន្លងមកនេះ គឺមានប្រសិទ្ធភាពខ្ពស់ការពារមនុស្ស កុំឲ្យធ្លាក់ខ្លួនឈឺធ្ងន់ និងស្លាប់ដោយសារវីរុស COVID-19 បំប្លែងថ្មីនានា ក្នុងនោះរួមមានទាំងវីរុសបំប្លែងថ្មី Delta ផងដែរ។
បើតាមអង្គការសុខភាពពិភពលោក អ្នកចាក់វ៉ាក់សាំងគ្រប់ដូស ឬ ០២ដូស នៅតែអាចឆ្លង COVID-19 បង្កឡើងដោយវីរុសបំប្លែងថ្មី Delta តែវ៉ាក់សាំងមានប្រសិទ្ធភាព ការពារបង្ការកុំឲ្យធ្លាក់ខ្លួនឈឺធ្ងន់ ឬស្លាប់។ ជាក់ស្ដែងការសិក្សាជាច្រើន ជាពិសេសនៅសហរដ្ឋអាមេរិក ក៏បានរាយការណ៍ដែរ ពីការរកឃើញករណីឆ្លង COVID-19 នៅក្នុងចំណោមអ្នកចាក់វ៉ាក់សាំងគ្រប់ដូស ដោយនេះគឺជាករណីកម្រ ហើយអ្នកដែលធ្លាក់ខ្លួនឈឺធ្ងន់ ឬស្លាប់ គឺភាគច្រើនជាអ្នកដែលមិនបានចាក់វ៉ាក់សាំង។
ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ដោយយល់យ៉ាងច្បាស់អំពីអត្ថប្រយោជន៍ដ៏សំខាន់នេះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំ និងព្យាយាមស្វែងរកវ៉ាក់សាំងតាមរយៈយន្ដការដែលមាន ជាទ្វេភាគីក្ដី ជាពហុភាគីក្ដី ក្នុងរូបភាពជាជំនួយមនុស្សធម៌ក្ដី និងជាការបញ្ជាទិញដោយផ្ទាល់ក្ដី។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, ការធានាបាននូវចំនួនវ៉ាក់សាំងគ្រប់គ្រាន់, ទាន់ពេលវេលា និងតាមផែនការដែលបានកំណត់ បានអនុញ្ញាតឲ្យរាជរដ្ឋាភិបាលបើកយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ប្រកបដោយវឌ្ឍន៍ភាពដ៏ល្អប្រសើរ តាមរយៈការប្រកាន់យកអភិក្រម «ផ្ការីក» ជាគោល។
ជាមួយនឹងភាពច្បាស់លាស់ និងប្រាកដនិយម នៃការមកដល់នៃចំនួនវ៉ាក់សាំងតាមគ្រប់យន្ដការដែលមាន កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចមួយជំហ៊ានបន្ថែមទៀត គឺការចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ-យុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលចំនួនសរុបប្រមាណ២លាននាក់បន្ថែមទៀត៕