(ភ្នំពេញ)៖ លោក ម៉ាក ហ៊ែរ (Marc Tayre) ភារធារីស្តីទី នៃស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានថ្លែងថា ការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ត្រូវការពេលយូរ តែរាជរដ្ឋាភិបាលអង់គ្លេសរីករាយ ដែលអាចរួមដៃជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហានេះ។
លោក ម៉ាក ហ៊ែរ បានលើកឡើងបែបនេះ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីប្រគល់-ទទួល វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា (AstraZeneca) ចំនួន ៤១៥,០០០ដូស ដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនអង់គ្លេស ដល់រាជរដ្ឋាភិបាលកម្ពុជា នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។
លោក ម៉ាក ហ៊ែរ បានបញ្ជាក់យ៉ាងដូច្នេះថា «ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ត្រូវការពេលវេលាយូរ ហើយនឹងមានបញ្ហាប្រឈមថ្មីៗ។ ទោះជាយ៉ាងនេះក្តី វ៉ាក់សាំងទាំងនេះ រួមជាមួយវ៉ាក់សាំងដទៃទៀត គឺជាជំហានដ៏សំខាន់ក្នុងការបើកឡើងវិញនូវអាជីវកម្ម សាលារៀន រួមទាំងការស្តារជីវភាពរស់នៅឡើងវិញ»។
លោកបានបន្តថា រាជរដ្ឋាភិបាលអង់គ្លេស មានសេចក្តីសោមនស្សរីករាយ ដែលអាចមានភាពជាដៃគូ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។ នៅក្នុងអំឡុងពេលជំងឺរាតត្បាត គ្មាននរណាម្នាក់មានសុវត្ថិភាពទេ រហូតដល់មនុស្សគ្រប់គ្នាមានសុវត្ថិភាព។
ស្របពេលនឹងសម្តែងការស្វាគមន៍ និងអំណរគុណដល់អង់គ្លេស ដែលបានផ្តល់វ៉ាក់សាំង, សម្តេចតេជោ ហ៊ុន សែន អះអាងថា វ៉ាក់សាំងរបស់អង់គ្លេស ដែលផ្ដល់ជូនក្នុងឱកាសនេះ នឹងប្រើប្រាស់សម្រាប់ចាក់ដូសទី៣ ឬដូសជំរុញ។
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋចូលរួមសហការជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធ និងការពារជំងឺកូវីដ១៩ ដោយប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ពិសេស៣ការពារ និង៣កុំ ព្រមទាំងចូលរួមចាក់វ៉ាក់សាំង។
សម្តេចតេជោ ហ៊ុន សែន បានស្នើចក្រភពអង់គ្លេសផ្តល់ជាជំនួយមនុស្សធម៌ជាវ៉ាក់សាំងបន្តទៀត ក៏ដូចជាជួយសម្របសម្រួលដល់កម្ពុជានៅក្នុងការបញ្ជាទិញវ៉ាក់សាំង AstraZeneca បន្ថែមសម្រាប់បំពេញសេចក្តីត្រូវការចាំបាច់នាពេលអនាគត។
សូមបញ្ជាក់ថា ចក្រភពអង់គ្លេសជាប្រទេសទី៣ហើយ ដែលបានផ្តល់ជំនួយវ៉ាក់សាំងមកកាន់កម្ពុជា ជាលក្ខខណៈទ្វេភាគី បន្ទាប់ពីមហាមិត្តចិន និងជប៉ុន។
មកដល់ពេលនេះកម្ពុជា ទទួលបានជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពីប្រទេសជាមិត្តរួមមាន៖ ចិន ចំនួន ៣.២លានដូស, ជប៉ុន ១លានដូស និងអង់គ្លេស ៤១៥,០០០ដូស។ កម្ពុជា ក៏ទទួលបានវ៉ាក់សាំងពីមជ្ឈមណ្ឌលកូវ៉ាក់ ចំនួន ១,៣៨៤,១០០ដូស៕