(កំពង់ធំ)៖ ពាក់ព័ន្ធនឹងរឿងរ៉ាវសមត្ថកិច្ចចម្រុះចុះរឹបអូសត្រាក់ទ័ររបស់ប្រជាពលរដ្ឋនៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ កាលពីថ្ងៃទី១៧ ខែមេសានោះ មកដល់ពេលនេះ នៅមិនទាន់ដោះស្រាយចប់សព្វគ្រប់ ជូនប្រជាពលរដ្ឋនៅឡើយទេ ខណៈប្រជាពលរដ្ឋជាម្ចាស់ត្រាក់ទ័រ ត្រូវបានបង្ខំឲ្យធ្វើកិច្ចសន្យាមួយខុសពីការពិតជាក់ស្តែង ទើបទទួលបានត្រាក់ទ័រមកវិញ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានការលំបាក និងកាន់តែភិតភ័យខ្លាំងឡើងៗ។

គួររំឭកថា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ កន្លងទៅ មេឃុំដូង លោក ជុត ចេន បានធ្វើលិខិត ១ច្បាប់ មាន ២ទំព័រ ដោយស្នើសុំអន្តរាគមន៍ពីលោកអភិបាលស្រុកប្រាសាទបល្ល័ង្ក ករណីអ្នកកាសែតចាប់ត្រាក់ទ័រ ២គ្រឿង ដែលបានឈូសឆាយដីស្រែរបស់ប្រជាពលរដ្ឋនៅភូមិតាមុំ ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក។ ក្នុងលិខិតនេះបានបញ្ជាក់លម្អិតថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ មានអ្នកកាសែត ២នាក់ (មិនស្គាល់ឈ្មោះ) បានចាប់ត្រាក់ទ័រចំនួន ២គ្រឿង ដែលកំពុងឈូសឆាយដីស្រែមួយកន្លែង មានទីតាំងនៅតំបន់ននោង ស្ថិតនៅភូមិតាមុំ ឃុំដូង ដែលជាដីស្រែស្រាប់ចំនួន ១ហិកតា។ លុះដល់ពេលយប់ ក្នុងថ្ងៃទី១៦ ខែមេសាដដែល ក៏មានកម្លាំងរាជអាវុធហត្ថ ស្រុកប្រាសាទបល្ល័ង្កចំនួន ២នាក់ និងមេព្រៃ ១នាក់ទៀត បានមកដេកយាមត្រាក់ទ័រមិនឱ្យចេញទៅណាឡើយ។ លុះដល់ថ្ងៃទី១៧ ខែមេសា ក៏ឃើញមានកម្លាំងអាវុធហត្ថខេត្ត និងនាយសង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យ បានចុះទៅពិនិត្យទីតាំងដី។

លុះរួចមក ក៏បានយកត្រាក់ទ័រទាំង ២គ្រឿងនោះ ទៅដាក់នៅសង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យតែម្ដង។ ក្នុងពេលជាមួយគ្នានោះ ម្ចាស់ស្រែ រួមជាមួយមេឃុំដូង លោកប្រធានគណបក្សឃុំដូង ព្រមទាំងសមាជិកក្រុមប្រឹក្សាឃុំដូងទាំងអស់ បានចូលទៅជួបជាមួយអ្នកកាសែត និងនាយរដ្ឋបាលព្រៃឈើផ្ទាល់ ដើម្បីសុំការសម្រេបសម្រួលដោះស្រាយ និងសម្រេចក្នុងករណីខាងលើនេះ ត្រឹមថ្នាក់ឃុំបានហើយ ក៏ប៉ុន្តែសមត្ថកិច្ចទាំងនោះមិនព្រមឡើយ ទោះបីជាប្រជាពលរដ្ឋ និងអាជ្ញាធរទាំងអស់អង្វរកយ៉ាងណាក៏ដោយ។ ម្យ៉ាងទៀត អ្នកកាសែត និងនាយរដ្ឋបាលព្រៃឈើទាំងនោះបានឆ្លើយថា៖ បើចង់សម្របសម្រួលដោះស្រាយយ៉ាងណា នៅត្រឹមរដ្ឋបាលព្រៃឈើសាលាវិស័យទៅ ពួកគេមិនបញ្ជូនត្រាក់ទ័រទាំងនេះទៅថ្នាក់ខេត្តឡើយ។

តាមការបញ្ជាក់នៅក្នុងលិខិតនេះ ម្ចាស់ត្រាក់ទ័រទាំងពីរគ្រឿងនោះ ម្នាក់ឈ្មោះ លាម ឈាន់ រស់នៅភូមិតាមុំ ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក និងម្នាក់ទៀតមានឈ្មោះ ថន ភាន់ រស់នៅភូមិតាមុំដូចគ្នា។

ករណីម្ចាស់ត្រាក់ទ័រឈ្មោះ ថន ភាន់ រួមជាមួយប្រពន្ធឈ្មោះ សន ពេង ក៏បានសរសេរលិខិតដោយដៃ ១ច្បាប់ដែរ ដោយមានសេចក្ដីយ៉ាងដូច្នេះថា «នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១ព្រឹក មានកម្លាំងមេព្រៃ និងអាវុធហត្ថ ព្រមទាំងអ្នកកាសែតផង បានចូលទៅចាប់យកត្រាក់ទ័រក្រោមផ្ទះរបស់ពួកគាត់តែម្ដង។ លុះដល់ថ្ងៃទី១៨ ខែមេសា វេលាម៉ោង ៨ព្រឹក មានលេខទូរស័ព្ទ 088 582 2223 បានតេមកទាប្រាក់ចំនួន ៨,០០០ដុល្លារអាមេរិក ជាការដោះដូរត្រាក់ទ័រវិញ»។ ពលរដ្ឋម្ចាស់ត្រាក់ទ័របានបន្តថា ពួកគាត់មិនមានលទ្ធភាពនឹងបង់ប្រាក់តាមការទាមទារនោះឡើយ ក៏មិនបានយល់ព្រមប្រគល់ប្រាក់ឱ្យនោះដែរ។ ពួកគាត់បានទទួចស្នើសុំសម្ដេចតេជោនាយករដ្ឋមន្ត្រីពីចម្ងាយថា «សូមសម្ដេច មេត្តាជួយកូនចៅផង»

ករណីម្ចាស់ត្រាក់ទ័រឈ្មោះ លាម ឈាន់ ក្រោយពេលរឹបអូសត្រាក់ទ័ររបស់គាត់ហើយ គាត់មានលទ្ធភាពដោះស្រាយត្រឹមតែ ១,០០០ដុល្លារប៉ុណ្ណោះ ប៉ុន្តែភាគីខាងសមត្ថកិច្ចបានតម្រូវឱ្យប្រជាពលរដ្ឋបង់ដល់ទៅ ១០,០០០ដុល្លារ។ ដោយសារតែតម្លៃនេះនៅឆ្ងាយពីគ្នាពេក ក៏មានការចរចាបន្តទៀត ចុងក្រោយតម្លៃចរចាក៏ធ្លាក់មកត្រឹម ៧,០០០ដុល្លារ ដោយជាចំនួនមួយដែលប្រជាពលរដ្ឋមិនទាន់អាចទទួលយកបាន។ រឿងចរចាតម្លៃគ្នាមិនត្រូវនេះក៏ត្រូវ ពន្យារពេលតទៀត រហូតដល់បែកធ្លាយដល់ថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំតែម្ដង។

បន្ទាប់ពីបែកធ្លាយរឿងរ៉ាវកៀបសង្កត់ប្រជាពលរដ្ឋយ៉ាងដូច្នេះហើយ ម្យ៉ាងចំពេលបើកកិច្ចប្រជុំបូកសរុបការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ផងនោះ លោករដ្ឋមន្ត្រី ថោង ខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានបញ្ជាឱ្យក្រុមការងារអន្តរស្ថាប័ន-អង្គភាព ពន្លឿនការដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋជាបន្ទាន់ ក្នុងនោះក៏មានករណីរឹបអូសត្រាក់ទ័ររបស់ប្រជាពលរដ្ឋ ១ករណីដែរ នៅភូមិសាស្ត្រឃុំម្សាក្រង ស្រុកស្ទោង។

ចំពោះករណីនៅស្រុកប្រាសាទបល្ល័ង្ក ក្រុមការងារចម្រុះដែលដឹកនាំដោយលោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ក៏បានចុះទៅវាសវែង និងធ្វើកំណត់ហេតុនៅទីតាំងដែលពលរដ្ឋឈូសឆាយដី ដែលស្ថិតក្នុងភូមិសាស្ត្រភូមិតាមុំ ឃុំដូង ស្រុកប្រាសាទបល្ល័ង្កនោះដែរ ប៉ុន្តែមិនទាន់សម្រេចការដោះស្រាយជូនប្រជាពលរដ្ឋនៅឡើយទេ។

ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ថា រយៈពេល២ថ្ងៃនេះ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងនៅខេត្តកំពង់ធំ លោក សាយ វាសនា បានបង្គាប់ឱ្យប្រជាពលរដ្ឋដែលជាម្ចាស់ត្រាក់ទ័រ ត្រូវតែធ្វើកិច្ចសន្យាដោយបញ្ជាក់ខ្លឹមសារឱ្យបានច្បាស់ ក្នុងន័យបកស្រាយថា ព្រះរាជអាជ្ញា និងសមត្ថកិច្ចមិនបានទារប្រាក់ ១០,០០០ដុល្លារអាមេរិក ពីប្រជាពលរដ្ឋម្ចាស់ត្រាក់ទ័រឡើយ។

អ្វីដែលព្រះរាជអាជ្ញារង សាយ វាសនា បង្គាប់បញ្ជាឱ្យប្រជាពលរដ្ឋធ្វើតាមនោះ រួមមាន៖

*ទី១៖ ប្រជាពលរដ្ឋត្រូវទទួលស្គាល់កំហុសថា ពិតជាបានឈូសឆាយដីព្រៃពិតមែន ហើយដីព្រៃដែលខ្លួនឈូសឆាយនោះ គឺពិតជាដីគម្របព្រៃឈើ ឆ្នាំ២០០២ ពិតមែន។

*ទី២៖ ប្រជាពលរដ្ឋត្រូវបកស្រាយឡើងវិញថា «រឿងដែលចោទព្រះរាជអាជ្ញា និងសមត្ថកិច្ច ទាមទារប្រាក់ចំនួន ១០,០០០ ដុល្លារ ជាថ្នូរលោះយកត្រាក់ទ័រវិញ ក្រោយមកក៏ចុះនៅសល់ ៧,០០០ដុល្លារនោះ គឺជារឿងមិនពិតនោះឡើយ»

*ទី៣៖ បន្ទាប់ពីធ្វើលិខិតបកស្រាយរឿងទី២ ខាងលើហើយនោះ ប្រជាពលរដ្ឋត្រូវបង្ហាញជាសាធារណៈ ដោយត្រូវផ្ញើឱ្យបណ្ដាញសារព័ត៌មាន Fresh News ចុះផ្សាយឱ្យផង ដើម្បីលុបលាងទង្វើយង់ឃ្នងឱ្យព្រះរាជអាជ្ញា និងសមត្ថកិច្ចដែលចុះប្រតិបត្តិការនោះវិញ។

*ខាងក្រោមនេះ ជាសម្ដីដើមរបស់លោកមេឃុំដូង៖

កាលដើមដំបូង ឈាន់ បានសួរមកខ្ញុំថាគាត់សុំរុញព្រៃក្បាលស្រែបានឬអត់ (ទីតាំងឈូសឆាយ) ខ្ញុំថា៖ បើដីក្បាលស្រែដូចគ្មានអីទេ ព្រោះកន្លែងនោះដូចមិនមាននិយាយថាគម្របព្រៃអ្វីទេ វាអត់ដែលមាន, សួរប៉ុស្ដិ៍ ក៏ប៉ុស្តិ៍ថាដូចខ្ញុំដែរ មេប៉ុស្តិ៍ថាដូចខ្ញុំដែរ។ ដល់ពេលគាត់រុញទៅ ក៏មានគេមកចាប់ត្រាក់ទ័រនេះ ខ្ញុំក៏ឆ្ងល់ដែរ ក៏ខ្ញុំថា៖ ឱ្យមើលក្នុងផែនទីសង្កាត់ព្រៃឈើ វាមានគម្របព្រៃឬអត់? ព្រោះខ្ញុំទៅប្រជុំនៅស្រុកតាំងពីអភិបាលស្រុកមុនៗមកដល់សព្វថ្ងៃ មិនដែលមានថា ឃុំដូងមានគម្របព្រៃឈើ, ខ្ញុំវាឆ្ងល់ណាស់ណា, ដល់ពេលគេមកចាប់ត្រាក់ទ័រនេះ ខ្ញុំក៏ភាំងដែរ។

ពេលគេចាប់ទៅ ប្រជាជនក៏មកពឹងខ្ញុំឱ្យជួយ ខ្ញុំមុននឹងជួយក៏សុំយោបល់ប្រធានគណបក្សឃុំដែរ ថាឱ្យខ្ញុំជួយយ៉ាងម៉េច បើគាត់មកពឹងហើយ ខ្ញុំត្រូវទៅជួយឬក៏អត់?។ ពួកខ្ញុំក៏នាំគ្នាទៅអង្វរកទាំងអស់គ្នា ដែលខាងគេនោះ មានអាវុធហត្ថ និងព្រះរាជអាជ្ញាផងថា សូមកុំចាប់ត្រាក់ទ័របងប្អូនប្រជាជនខ្ញុំទៅណា សូមទុកនៅនេះហើយ ចាំចរចាគ្នាទៅ។ គេថា គេមិនព្រមទេ (ខាងព្រះរាជអាជ្ញា និងអាវុធហត្ថ) តែគេនឹកឃើញថា មេឃុំអង្វរហើយ គេក៏យកត្រាក់ទ័រទៅដាក់នៅសង្កាត់ព្រៃឈើសាលាវិស័យ។

ដល់ពេលសង្កាត់ព្រៃឈើ គេប្រាប់ខ្ញុំថា៖ បងឯងនាំម្ចាស់ត្រាក់ទ័រមក មកធ្វើសំណុំរឿងនៅសង្កាត់ព្រៃឈើ។ ខ្ញុំក៏ឱ្យម្ចាស់ត្រាក់ទ័រទៅខ្លួនឯងទៅ តែគ្នានោះមិនហ៊ានទៅទេ ក៏បានពឹងខ្ញុំឱ្យខ្ញុំជូនទៅ ក៏ខ្ញុំជូនមកសង្កាត់ព្រៃឈើនោះឯង។ ពេលមកដល់សង្កាត់ព្រៃឈើ គេសួរថា ដីនោះរុញយ៉ាងម៉េចខ្លះ ម្ចាស់ឈ្មោះអី រស់នៅឯណាជាដើម។ ដល់ពេលកត់ហើយ បងនៅសង្កាត់ព្រៃឈើឈ្មោះ ត្រា គាត់ប្រាប់ថា គាត់មិនដោះស្រាយរឿងនេះទេ ព្រោះរឿងនេះទៅដល់ព្រះរាជអាជ្ញាហើយ បងឯងទៅជួបព្រះរាជអាជ្ញាទៅ នាំប្រជាជនទៅជួបព្រះរាជអាជ្ញាទៅ។

ដល់ពេលបង ត្រា ឱ្យលេខទូរស័ព្ទមកខ្ញុំ ហើយប្រាប់ថាលេខរបស់ព្រះរាជអាជ្ញា ឈ្មោះ សាយ វាសនា តែបែរជាឱ្យលេខអាវុធហត្ថ ឈ្មោះ ព្រុំ វាសនា មកខ្ញុំវិញ។ ខ្ញុំក៏នាំបងប្អូនប្រជាជនទៅជួបគាត់នៅសាលាដំបូងខេត្តកំពង់ធំ ព្រោះគិតថា ព្រះរាជអាជ្ញាមានតែនៅសាលាដំបូងហើយ តែដល់ពេលទៅជួប គាត់ថាឱ្យមកជួបគាត់នៅកន្លែងជិតកន្លែងកីឡាបាល់ទាត់ នៅអាចារ្យលាក់ឯណេះ ក៏ខ្ញុំឆ្ងល់ដែរថា យ៉ាងម៉េចបានទៅណោះវិញ បើព្រះរាជអាជ្ញា កន្លែងគាត់ គឺសាលាដំបូង?។

ពេលជួបគាត់ ខ្ញុំក៏អត់ស្គាល់គាត់ដែរ ខ្ញុំស្មានតែគាត់នោះ គឺព្រះរាជអាជ្ញា ហើយគាត់ថា ឱ្យនាំប្រជាពលរដ្ឋមកចរចាជាមួយគាត់មក ព្រោះមេគាត់បន្ទុកបណ្ដាក់លើគាត់ទាំងអស់ហើយ គាត់និយាយអ៉ីចេះឯង ព្រុំ វាសនា ហ្នឹងឯង។ គាត់ក៏នាំបងប្អូនម្ចាស់ត្រាក់ទ័រនិយាយគ្នា គាត់ថា៖ មើល! បងប្អូនចង់ដោះស្រាយដោយវិធីណា? បងប្អូនប្រជាពលរដ្ឋថា៖ ចង់សោះស្រាយដោយវិធីលុយកាក់។ ក៏ ព្រុំ វាសនា និយាយទៀតថា៖ បើចង់ដោះស្រាយដោយវិធីលុយកាក់ តើហ៊ានប៉ុនណា។ ខ្ញុំនិយាយដោយស្មោះត្រង់។ ក៏ម្ចាស់ត្រាក់ទ័រពិភាក្សាគ្នាចុះឡើងៗ ក៏ថាឱ្យ ២,០០០ដុល្លារ (ម្នាក់ ១,០០០ដុល្លារ)។ ក៏ ព្រុំ វាសនា ដែលយើងច្រឡំថាព្រះរាជអាជ្ញារង សាយ វាសនា នោះ គាត់ថា៖ ប្រសិនបើខ្ញុំពិភាក្សាជាមួយមេខ្ញុំបានយ៉ាងណា ខ្ញុំនឹងផ្ដល់ដំណឹងទៅលោកមេឃុំតាមរយៈតេឡេក្រាម។ គ្នាក៏ពឹងពាក់មកខ្ញុំថា៖ បើគេថាយ៉ាងម៉េចៗ សូមបងឯងផ្ដល់ដំណឹងមកខ្ញុំផង។ ខ្ញុំថា៖ ខ្ញុំមិនចង់និយាយទេ ខ្ញុំខ្លាចណាស់ ប្អូនឯងនិយាយខ្លួនឯងទៅ ខ្ញុំឱ្យលេខទៅ គាត់ថាខ្ញុំមិនហ៊ាននិយាយទេ ពឹងបងឯងឱ្យជួយ នេះគឺម្ចាស់ត្រាក់ទ័រ។

ដល់ពេលស្អែកឡើង បានគេផ្ដល់ព័ត៌មានថា «ដំបូងគេសុំ ១០,០០០ដុល្លារ ក៏ខ្ញុំហៅម្ចាស់ត្រាក់ទ័រមកសាលាឃុំ មកស្ដាប់ទាំងអស់គ្នា គេដាក់ ១០,០០០ដុល្លារ ឥលូវអូនឯងហ៊ាន បងអ្ហើយខ្ញុំមិនហ៊ានទេ ខ្ញុំក៏ថា៖ អើបើមិនហ៊ានទេ ចរចាគ្នាទៅ ដល់សុំចរចាចុះឡើង ក៏នៅសល់ ៨,០០០ដុល្លារ។ ម្ចាស់ត្រាក់ទ័រគាត់ថា៖ បើត្រឹម ៦,០០០ដុល្លារ គាត់ចរចាយក»។ រឿងនោះ វាចប់ប៉ុណ្ណោះ ក៏បំបែកគ្នាទៅផ្ទះវិញទៅ។

រួចពីថ្ងៃនោះទៅ ប្រពន្ធរបស់ ភាន់ គាត់ទៅសាលាវិស័យ ទៅជួបជាមួយសាលាស្រុក។ ដល់ពេលតេទៅថា៖ បងឯងព្រះរាជអាជ្ញាមែន? គាត់ថា៖ គាត់អត់ព្រះរាជអាជ្ញាទេ គាត់អាវុធហត្ថឈ្មោះ ព្រុំ វាសនា។ ខ្ញុំស្រឡាំងកាំងបណ្ដោយ ខ្ញុំថា៖ នែស្មានតែព្រះរាជអាជ្ញា, មកពីបងសង្កាត់ព្រៃឈើឱ្យលេខខ្ញុំខុស ខ្ញុំជជែកគ្នាជាមួយបងត្រា បងត្រាឯងម៉េចបានឱ្យលេខខ្ញុំខុស ថាឱ្យខ្ញុំចរចាជាមួយព្រះរាជអាជ្ញា លែងឱ្យខ្ញុំទៅចរចាជាមួយអាវុធហត្ថវិញ គាត់ថានេះឯងលេខព្រះរាជអាជ្ញាហើយ ដល់ពេលខ្ញុំថាអ៉ីចឹង ស្រាប់តែគាត់ឆែកលេខមើល ក៏ផ្ដល់ព័ត៌មានឱ្យខ្ញុំវិញថា សុំទោសខ្ញុំឱ្យលេខខុសបាត់ហើយ លេខនេះលេខបង ព្រុំ វាសនា អាវុធហត្ថទេ។

ខ្ញុំក៏បានលេខបង សាយ វាសនា ព្រះរាជអាជ្ញារង ព្រោះខ្ញុំស្គាល់មេធាវីមួយនៅសាលាដំបូង ក៏បានលេខព្រះរាជអាជ្ញាពីគាត់នោះមក ក៏ខ្ញុំសួរថា សំណុំរឿងហ្នឹង ដល់បងឯងហើយឬនៅ ក៏គាត់ស្រឡាំងកាំង គាត់ថាអត់ទាន់ដល់គាត់ ប្រហែលម៉ោង ៣ ព្រះរាជអាជ្ញា សាយ វាសនា តេមកខ្ញុំវិញ គាត់ថា ការងារនេះ គាត់ឱ្យអាវុធហត្ថសម្របសម្រួលដោះស្រាយជាមួយប្រជាជនទៅ មិនពិបាកដល់ខ្ញុំទេ ព្រោះសំណុំរឿងអត់ទាន់ដល់ខ្ញុំទេ។ បងប្អូនយើងមកពឹងខ្ញុំឱ្យជួយចរចាជាមួយអាវុធហត្ថថែមទៀត ក៏ខ្ញុំថាចរចាខ្លួនឯងទៅ ក៏គាត់មិនព្រម វាព្រមឱ្យមកជាខ្ញុំនេះឯងចរចា ក៏ខ្ញុំក៏ព្រមចរចាឱ្យទៀត ខ្ញុំគ្មានគំនិតទៅឃុបឃិតអីទេ ខ្ញុំជួយប្រជាជនបងប្អូនយើងទេ ព្រោះអាឈាន់សុទ្ធតែពួកម៉ាកខ្ញុំទេ។

ដល់ពេលពីម្សិលមិញ ក៏ចុះនៅសល់ ៧,០០០ដុល្លារ ដល់ខ្ញុំថា៖ ឈាន់អើយ! អូនឯងហ៊ានឬក៏អត់? អូនឯងគិតខ្លួនឯងទៅ បងអត់បង្ខំទេ។ ហើយខ្ញុំក៏រាយការណ៍ជូនប្រធានគណបក្សឃុំ។ ដល់ពេលអាចុងក្រោយនេះឯង គេថា៖ ៧,០០០ដុល្លារ។ ខ្ញុំថា៖ បងអ្ហើយកុំធ្វើបាបប្រជាជនខ្ញុំ ខ្ញុំថាសុំប៉ុណ្ណោះឯងទៅ គ្នាធ្វើព្រៃក្បាលស្រែប៉ុណ្ណេះ។ អង្វរយ៉ាងណាក៏គេមិនព្រម គឺដាច់ត្រឹម ៧,០០០ដុល្លារ ពីម្សិលមិញ។ ខ្ញុំប្រាប់ប្រធានគណបក្សឃុំថា៖ អ៊ំ! ខ្ញុំសុំគេសល់ត្រឹម ៧,០០០ដុល្លារហើយ យើងគិតយ៉ាងម៉េច។ ប្រធានគណបក្សក៏ថា ពិភាក្សាគ្នាជាមួយម្ចាស់ត្រាក់ទ័រទៅថា បើគាត់មានសមត្ថភាព ក៏យកទៅ បើយកមិនបាន សឹមគិតទេ។ ក៏ចរចាគេបានប៉ុណ្ណោះឯង ខ្ញុំគ្មានគំនិតអីទៅឃុបឃិតនឹងអាវុធហត្ថហ្នឹងអីទេ ខ្ញុំជួយប្រជាជនទេណា៕