(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអង់គ្លេស ដែលផ្ដល់នូវវ៉ាក់សាំងជូនដល់កម្ពុជា ខណៈដែលប្រទេសកម្ពុជាកំពុងត្រូវការវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋ។

ការថ្លែងបែបនេះក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់ចក្រភពអង់គ្លេសចំនួន ៤១៥,០០០ដូស នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំសូមសម្តែងនូវការស្វាគមន៍ និងអំណរគុណ ជូនចំពោះរដ្ឋាភិបាលនិងប្រជាជន នៃចក្រភពអង់គ្លេស ដែលបានផ្តល់នូវវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំនួន៤១៥ ០០០ដូស ប្រភេទ AstraZeneca»

សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកជំនួយនេះ គឺជាជំនួយសប្បុរសធម៌ដ៏ថ្លៃថ្លា និងជាសន្តានចិត្តជួយគ្នា ក្នុងគ្រាលំបាក ក្នុងបរិការណ៍ដែលវ៉ាក់សាំង គឺជាទំនិញយុទ្ធសាស្រ្តគន្លឹះ និងមានតម្រូវការខ្ពស់ ក្នុងសមរភូមិប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅគ្រប់ទិសទីនៃពិភពលោក។

សម្ដេចតេជោ បានលើកឡើងថា ស្ថានភាពបច្ចុប្បន្ននេះ គឺពោរពេញទៅដោយភាពមិនប្រាកដប្រជា ដោយសារមេរោគកូវីដ-១៩ បានបន្តវិវត្ត និងបំប្លែងខ្លួនឥតឈប់ឈរ ទៅជាប្រភេទមេរោគបំប្លែងថ្មី ជាពិសេសមេរោគប្រភេទដែលតា (Delta) ដែលបាន និងកំពុងឆ្លងរាលដាលយ៉ាងខ្លាំង នៅតាមបណ្តាប្រទេសនានា ក៏ដូចជានៅកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ដោយឈរលើស្មារតីប្រុងប្រយ័ត្នខ្ពស់ និងការយកចិត្តទុកដាក់ ជាចម្បងចំពោះសុខភាពសាធារណៈ និងការជួយសង្គ្រោះ អាយុជីវិតរបស់ប្រជាពលរដ្ឋ, រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់ខេត្តមួយចំនួន និងតំបន់ខ្លះ ក្នុងរាជធានីភ្នំពេញ និងដាក់ចេញនូវយុទ្ធនាការ ពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចដាក់ចេញនូវ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី ៣ ឬ ដូសជំរុញ ជូនដល់មន្ត្រីបម្រើសេវាសាធារណៈជួរមុខ ដែលកំពុងបម្រើការនៅតាមបណ្តាខេត្តនានា ដែលស្ថិតនៅតាមព្រំដែនជាមួយនឹងប្រទេសថៃ ដែលមេរោគបំប្លែងថ្មី ប្រភេទដែលតា កំពុងវាយលុក និងរាលដាល។

គូសបញ្ជាក់ថា វ៉ាក់សាំងដែលចក្រភពអង់គ្លេសផ្តល់មកកម្ពុជានេះ គឺជាជំនួយទ្វេភាគី ជាការផ្តល់ដោយផ្ទាល់មកកម្ពុជាតែម្តង មិនបានឆ្លងកាត់តាមមជ្ឈមណ្ឌល កូវ៉ាក់នោះឡើយ។ ចក្រភពអង់គ្លេសជាប្រទេសទី៣ហើយ ដែលបានផ្តល់ជំនួយវ៉ាក់សាំងមកកាន់កម្ពុជា ជាលក្ខខណៈទ្វេភាគី បន្ទាប់ពីប្រទេសចិន និងជប៉ុន។

មកដល់ពេលនេះ កម្ពុជាទទួលបានជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពីប្រទេសជាមិត្តរួមមាន៖ ចិន ចំនួន ៣.២លានដូស, ជប៉ុន ១លានដូស និងអង់គ្លេស ៤១៥,០០០ដូស។ កម្ពុជា ក៏ទទួលបានវ៉ាក់សាំងពីមជ្ឈមណ្ឌលកូវ៉ាក់ ចំនួន ១,៣៨៤,១០០ដូស៕