(ភ្នំពេញ)៖ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្រោយពីជំនួបរយៈពេល ជាង៣ម៉ោង ក្រសួងយុត្តិធម៌ និងគណៈកម្មការទី១ បានពិភាក្សាគ្នាលើចំណុចសំខាន់ជាច្រើនទាក់ទងនឹងផ្នែកច្បាប់ ក្នុងនោះភាគីទាំងពីរបានអះអាងថា នឹងចាប់ដៃគ្នាធ្វើកំណែទម្រង់វិស័យយុត្តិធម៌នៅកម្ពុជា ឲ្យរីកចំរើនជាងមុន។
បញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្រោយជំនួបនោះ លោក អេង ឆៃអ៊ាង បានលើកឡើង ៤ចំណុចសំខាន់ៗ ដើម្បីសាកសួរទៅកាន់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្នុងនោះមានដូចជា៖ ១-ការចាប់ ការឃុំខ្លួន និងការផ្តន្ទាទោស អនីតិជន ២-ការឃុំខ្លួនលើស នីតិវិធីកំណត់ ៣-កំហុសនៃការអនុវត្តនីតិវិធី និងការមិនអនុវត្តតួនាទីរបស់ចៅក្រម និងព្រះរាជអាជ្ញា ជុំវិញករណីវិវាទដីធ្លី និងវិវាទផ្សេងទៀត និង៤- ឯករាជ្យភាពរបស់តុលាការ និងការជ្រៀតជ្រែកជាដើម។
ជាការឆ្លើយតប លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានឲ្យដឹងថា «ជំនួបជាច្រើនម៉ោងនេះ ទទួលបានលទ្ធផល គឺក្រសួងយុត្តិធម៌ បានបង្ហាញពីសកម្មភាពក្នុងការដោះស្រាយបញ្ហា នាពេលកន្លងមកទៅកាន់គណៈកម្មការទី១ ហើយលោក អេង ឆៃអ៊ាង ជាប្រធានគណៈកម្មការទី១ ក៏បានទទួលយកនិងសន្យារួមគ្នាចាប់ដៃគ្នា ជាមួយក្រសួងយុត្តិធម៌ រកដំណោះស្រាយបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យប្រព័ន្ធតុលាការនៅកម្ពុជា ឲ្យរីកចំរើនខ្លាំងជាងមុន»។
លោក អង្គ វង្សវឌ្ឍានា បន្តថាក្រសួងយុត្តិធម៌ និងគណៈកម្មការទី១ កំពុងរកវិធីសាស្រ្តពង្រឹង និងកែទម្រង់ប្រព័ន្ធយុត្តិធម៌ នៅក្នុងប្រទេសកម្ពុជា ឲ្យមានភាពប្រសើរជាងមុន៕