(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានស្នើជាថ្មីឱ្យភាគីថៃ ផ្តល់ព័ត៌មាន និងឯកសារផ្លូវការ ស្តីពីគម្រោងសាងសង់ប្រាសាទថ្ម នៅខេត្តបុរីរ៉ាំ ដែលចម្លងតាមស្ថាបត្យកម្មប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា។
សំណើនេះ បានធ្វើឡើង ក្នុងជំនួបរវាង លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជាមួយលោក Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ ប្រចាំកម្ពុជា នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១។
តាមការប្រកាសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាមបណ្តាញសង្គម បញ្ជាក់ឱ្យដឹងថា នាឱកាសនោះ កិច្ចពិភាក្សា ក៏បានលើកឡើងផងដែរពីករណីព័ត៌មានស្តីពីគម្រោងនៃការសាងសង់ប្រាសាទថ្មនៅខេត្តបុរីរ៉ាំ ដែលបណ្តាញសង្គម និង សារព័ត៌មានផ្សព្វផ្សាយ ថាមានការចម្លងតាមនៃស្ថាបត្យកម្មប្រាសាទអង្គរវត្ត។ ព័ត៌មាននេះ ត្រូវបានសាធារណមតិនៃប្រទេសទាំងពីរ មានប្រតិកម្មយ៉ាងផុសផុល និងពុះកញ្ជ្រោល។
«ក្នុងន័យនេះ លោកជំទាវរដ្ឋមន្រ្តី បានស្នើដល់ភាគីថៃ ឱ្យជួយសហការក្នុងការផ្តល់ព័ត៌មានជាក់លាក់ និងឯកសារផ្លូវការ ស្តីពីគម្រោងនៃការសាងសង់ប្រាសាទថ្មនៅខេត្តបុរីរ៉ាំនេះ ដើម្បីឲ្យភាគីកម្ពុជាមានមូលដ្ឋានក្នុងការពិនិត្យ សម្រេចនូវវិធាននានាបន្ត សំដៅបញ្ចៀសនូវផលអវិជ្ជមានណាមួយដែលអាចកើតឡើងនិងប៉ះពាល់ដល់ទំនាក់ទំនងនៃប្រទេសទាំងពីរ»។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងវប្បធម៌។
គម្រោងគម្រោងសាងសង់ប្រាសាទថ្ម នៅខេត្តបុរីរ៉ាំ បានរងប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមនៅកម្ពុជា ដោយសារតែមានលក្ខណៈស្រដៀងទៅនឹងប្រាសាទអង្គរវត្តរបស់ខ្មែរ។
កាលពីដើមខែកក្កដា កន្លងទៅ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្លាប់បានចេញសេចក្តីប្រកាសព័ត៌មានម្តងហើយ បន្ទាប់ពីប្រមូលព័ត៌មានពាក់ព័ន្ធការសាងសង់ប្រាសាទថ្ម នៅខេត្តបុរីរម្យ នៃប្រទេសថៃ ដែលស្រដៀងប្រាសាទអង្គរវត្ត។ នៅក្នុងសេចក្តីប្រកាសរបស់ក្រសួង គឺភាគីថៃ បានបញ្ជាក់ថា ការសាងសង់ប្រាសាទនេះមិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបថស្ថាបត្យកម្មដូចគ្នាទៅនឹងប្រាសាទអង្គរវត្ត ឬប្រាសាទបុរាណណាមួយនៅក្នុងប្រទេសកម្ពុជាឡើយ។
ពាក់ព័ន្ធនឹងសំណើកម្ពុជានេះ លោក Panyarak Poolthup អគ្គរាជទូតថៃប្រចាំនៅកម្ពុជា បានទទួលយក និងសន្យាឆ្លើយតបតាមការស្នើសុំរបស់ភាគីកម្ពុជាក្នុងស្មារតីសហការដ៏ជ្រាលជ្រៅផងដែរ៕