(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌចំការមន បានចុះធ្វើវិធានការរដ្ឋបាលរុះរើសំណង់មិនរៀបរយ និងការចាក់ដីរំលោភ ទន្ទ្រានលើផ្ទៃអាងស្តុកទឹកបឹងត្របែក ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ពីសំណាក់ជនមួយក្រុមដែលបានគេចខ្លួន ក្រោយអាជ្ញាធរចុះទៅដល់។
ការចុះរុះរើទីតាំងខាងលើធ្វើឡើង នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន និងមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន ព្រមទាំងកម្លាំងប្រជាការពារផងដែរ។
លោក អាំង សេរីពិសិដ្ឋ បានប្រាប់ថា ការចុះអនុវត្តវិធានការរដ្ឋបាលរុះរើទីតាំងខាងលើក្រោយពីមានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញេ ដែលជាក់ស្តែង អាជ្ញាធរបានពិនិត្យឃើញថា ជនមួយក្រុមខាងលើ បានធ្វើការដឹកជញ្ជូនគ្រឿងចក្រ និងបានចាក់ដីរំលោភលើផ្ទៃអាងស្តុកទឹកបឹងត្របែក ព្រមទាំងមានការសាង់សង់សំណង់ផ្សេងៗ ចាក់ដីពង្រីកបន្ថែមដើម្បីបំភ័ន្តថា ជាដីដែលបានបង្កបង្កើនផល មានការដាំដុះដំណាំផ្សេងៗ ព្រមទាំងមានរោងចិញ្ចឹមសត្វមាន់ ទា អាស្រ័យផលផងដែរ។
លោកអភិបាលរងខណ្ឌចំការមនបញ្ជាក់ថា ទង្វើទាំងអស់នេះ ជាការបំពាននិងរំលោភច្បាប់ធ្ងន់ធ្ងរ ព្រោះបានរំលោភយកផ្ទៃអាងស្តុកទឹកបឹងត្របែក ដែលជាបឹងធំមួយនៅកណ្តាលរាជធានីភ្នំពេញ។ លោកបានបន្ថែមអោយដឹងថា ក្នុងនាមអាជ្ញាធរដែនដីក៏ដូចជាមន្ត្រីជំនាញគឺមិនអនុញ្ញាតិអោយមានការសាង់រំលោភច្បាប់បែបនេះបានទេ ព្រោះបានរំលោភលើអនុក្រឹត្យ លេខ២២១អនក្រ.បក ស្តីពីការកំណត់ផ្ទៃអាងបឹងត្របែក ស្ថិតក្នុងរាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាល។ លោក អាំង សេរីពិសិដ្ឋ បានអោយដឹងថា ជនមួយក្រុមដែលបានធ្វើការចាក់ដីឈូសឆាយលុបផ្ទៃបឹងដើម្បីធ្វើជាសម្បត្តិឯកជន មិនបានសហការ និងបានរត់គេចខ្លួនបាត់អស់ មុនពេលអាជ្ញាធរចូលទៅដល់។
ពាក់ព័ន្ធ និងបញ្ហារំលោភផ្ទៃអាងស្តុកទឹក បឹងត្របែកនេះ អាជ្ញាធរខណ្ឌចំការមនតែងតែបាន ចុះធ្វើការផ្សព្វផ្សាយ និងអំពាវនាវជូនប្រជាពលរដ្ឋ សូមកុំអោយមានការសាង់សង់សំណង់ផ្សេងៗរំលោភលើផ្ទៃបឹង ដែលជាអំពើសុខច្បាប់ តែនៅតែមានប្រជាពលរដ្ឋមួយចំនួននៅតែរឹងទទឹង មានការសាង់សង់ដោយមិនស្តាប់ការណែនាំ ដូច្នេះក្នុងនាមអាជ្ញាធរក៏ត្រូវតែចាត់វិធានការរដ្ឋបាលជាដាច់ខាត គឺមិនអនុញ្ញាតឲ្យមានការសាង់សង់រឺចាក់ដីរំលោភលើផ្ទៃបឹង ត្របែកនេះទេ លោកបានបន្ថែមថាចំពោះអ្នកដែលបានទិញផ្ទៃបឹងត្របែកគឺគ្មានអាជ្ញាធរណាហ៊ានស៊ីញ៉េទទួលស្គាល់ទេ គឺជាការទិញលក់ក្នុងទីផ្សារងងឹតដែលគ្មានភាពស្របច្បាប់ ដូច្នេះសូមកុំមានការប្រថុយប្រថានអោយសោះ។
លោកអភិបាលរងខណ្ឌ បានឲ្យដឹងទៀតថា យោងតាមសេចក្តីជូនដំណឹងរបស់គណពរដ្ឋមន្ត្រី បញ្ជាក់ថា ការងារជីកស្តារអាងស្តុកទឹកបឹងត្របែកខាងលើ ឱ្យមានជម្រៅជ្រៅជាងពេលបច្ចុប្បន្ន ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការស្ដុកទឹកភ្លៀង ឱ្យស្របតាមលក្ខណៈបច្ចេកទេស ដើម្បីឱ្យស្ថានីយបូមទឹកអាចបូមទម្លាក់បន្តទៅកាន់ប្រព័ន្ធបង្ហូរទឹកនៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ។
ចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ឱ្យបានម៉ឺងមាំត់ និងមិនលើកលែង ចំពោះអ្នកដែលរំលោភកាន់កាប់ ហើយមកធ្វើការតវ៉ា និងរារាំងអាជ្ញាធរ ក្នុងពេលចុះអនុវត្តគម្រោងខាងលើនេះ៕