(ប៉ៃលិន)៖ ភ្លៀងរន្ទះនិងខ្យល់កន្រ្តាក់នៅប៉ៃលិន នាល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ បានបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋជាច្រើនសិបខ្នង រួមជាមួយនឹងអាគារសាលារៀន បើុងដំបូល ខូចខាតជាច្រើនខ្នងផ្ទះ។
មកដល់ពេលនេះអាជ្ញាធរ ទាំងសមត្ថកិច្ចគ្រប់ស្ថាប័នកំពុងចុះជួួយសង្គ្រោះហើយ ជាពិសេសកាកបាទក្រហមកំពុងស្រង់ស្ថិតិចំនួនខ្នងផ្ទះពិតប្រាកដដែលត្រូវបានខូចខាត។
លោកសូ កង នាយកសាខាកាកបាទក្រហមខេត្តប៉ៃលិន បានប្រាប់ភ្នាក់ងារ Fresh News តាមទូរស័ព្ទថា ខេត្តប៉ៃលិនកំពុងជួបគ្រោះធម្មជាតិខ្យល់កន្ត្រាក់ លាយឡំជាមួយភ្លៀង ហើយនៅម៉ោង៧៖០០នាទីយប់ថ្ងៃដដែលនេះ ភ្លៀវនៅតែបន្តធ្លាក់ លាយឡំជាមួយខ្យល់កន្ត្រាក់ស្ទើរទូទាំងខេត្តតែម្តង ធ្វើអោយខូចខាតផ្ទះ សាលារៀនប្រមាណជាង៣០ខ្នងហើយ ។
លោកបន្តថា «មកដល់ពេលនេះ សាខាកាកបាទក្រហមយើងផ្តល់ជូននូវតង់ខៀវចែកជូនដល់ពលរដ្ឋដើម្បីបោះតង់គ្រប់បណ្តោះអាសន្នសិន រង់ចាំថ្ងៃស្អែកយើងនាំយកគ្រឿងអាហារបរិភោគចែកជូនពួកគាត់តែម្តង»៕