(ស្វាយរៀង)៖ លោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀង នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ បានសហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី ចុះត្រួតពិនិត្យទំនិញតាមឃ្លាំង និងផលិតផលអាល់កុល ជែលលាងដៃ និងតាមដានតំលៃទំនិញ ជាពិសេស តំលៃអាកុលស្លាកសញ្ញា តំលៃម៉ាស់នៅតាមបណ្ដាដេប៉ូ ម៉ាត ឃ្លាំង ទំនិញឪសថស្ថាន និងតាមស្ថានីយ៍លក់ប្រេងឥន្ធនៈចាប់ពីទីរួមខេត្ត ដល់ផ្សាប្រសូត្រស្រុកស្វាយទាប។
លោក ផឹង និល បានឱ្យដឹងថា ដោយមានការណែនាំពីលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងទទួលបទបញ្ជាផ្ទាល់ពីលោកប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន (កបប) ក្រុមការងារបានចុះត្រួតពិនិត្យទៅលើ អាល់កុល ជែលលាងដៃនៅតាមឪសថស្ថាន និងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមទៅលើ អាល់កុល ដើម្បីស្វែងរកអាល់កុលក្លែងក្លាយ។ ជាពិសេសមន្ត្រីជំនាញបានផ្សព្វផ្សាយសេចក្តីប្រកាសអន្តរក្រសួងស្តីពី នីតិវិធីពិន័យអន្តរការណ៍លើបទល្មើស និងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ជូនដល់អារជីវករតាម ដេប៉ូ និងបណ្តាស្ថានីយ៍លក់ប្រេងឥន្ធនៈផងដែរ។
លោកបានបញ្ជាក់ថា ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងអាល់កុលក្លែងក្លាយដូចជាអាល់កុល ក្លែងក្លាយចំនួន ២១២លីត្រនិងទំនិញខូចគុណភាពចំរុះ ចំនួន ៦៤គីឡូក្រាម ហើយមន្ត្រីជំនាញក៏បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះនិងអាល់កុលក្លែងក្លាយ ធ្វើការដុតកម្ទេចចោល តែម្តង។
លោក ផឹង និល បានបន្តថា អាល់កុលក្លែងក្លាយទាំងនេះ អាចប៉ះពាល់លើសុខភាពរួមមាន៖ រលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយគេង បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការរំលាយអាហារ និងអាចឈានបាត់បង់ជីវិត ក្នុងករណីយកទៅលាយជាមួយស្រា ដោយបរិភោគលើសកម្រិត។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់អាជីវករ និងអ្នកនាំចូលអាល់កុលទាំងអស់ចូលរួមសហការ ដោយនាំចូលនូវអាល់កុលសុទ្ធ។ ចំពោះប្រជាពលរដ្ឋវិញ ក៏ត្រូវមានការប្រុងប្រយ័ត្ន ដោយត្រូវមើលស្លាកសញ្ញា និងប្រភពឱ្យបានត្រឹមត្រូវមុននឹងទិញយកមកប្រើប្រាស់ ជាពិសេសសូមចូលរួមបង្ការទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវី១៩ ដោយអនុវត្តវិធានការការពារ ៣កុំ ៣ការពារ បើមិនចាំបាច់កុំចេញក្រៅផ្ទះផងដែរ៕