(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់ទីតាំងផ្សារស្នួល និងផ្លូវព័ទ្ធជុំវិញផ្សារជាបណ្ដោះអាសន្ន ដើម្បីរកអ្នកពាក់ព័ន្ធបន្ថែមទៀត ក្រោយពីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ជាបន្តបន្ទាប់។
ការបិទខ្ទប់ផ្សារស្នួល និងផ្លូវជុំវិញផ្សារស្នួល ស្ថិតនៅភូមិស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ បានធ្វើឡើងចាប់ពីម៉ោង១៤៖០០រសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ រហូតដល់មានសេចក្ដីសម្រេចថ្មីមកជំនួស។
ក្នុងអំឡុងពេលបិទខ្ទ់បជាបណ្ដោះអាសន្ននេះ រដ្ឋបាលខេត្តក្រចេះ មានវិធានការដូចខាងក្រោម៖
១៖ ហ៊ុមព័ទ្ធទីតាំងផ្សារកាបី និងផ្អាកសកម្មភាពអាជីវកម្ម និងការចេញចូលទីតាំងខាងលើ ជាបណ្ដោះអាសន្ន។
២៖ ស្រាវជ្រាវរកអ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលដើម្បីធ្វើចត្តាឡីស័ក និងយកសំណាក។
៣៖ ចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ ចេញ ចូល និងមានការពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលក្នុងទីតាំងខាងលើ ត្រូវមកតាមដានសុខភាពរបស់ខ្លួនជាប្រចាំ ករណីមានរោគសញ្ញាផ្ដាសាយ ក្អក ហៀសំបោរ ឈឺបំពងក និងថប់ដង្ហើម និងរោគសញ្ញាផ្សេងៗ សូមរូសរាន់មកជួបក្រុមគ្រូពេទ្យ នៅតាមមណ្ឌលសុខភាព៕