(កំពត)៖ បុរសម្នាក់មានប្រពន្ធទៅហើយតែបែរភ្លើតភ្លើនត្រេកត្រអាលក្នុងកាមតណ្ហាលោកីយ៍ ទៅលួចពង្រត់កូនក្រមុំអ្នកដទៃទៅណែបនិត្យបានពីរយប់ ត្រូវបានកម្លាំងនគរបាល តាមស្រាវជ្រាវឃាត់ខ្លួននៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ។
មន្ត្រីនគរបាលស្រុកទឹកឈូ បានប្រាប់ Fresh News ថា ជនរងគ្រោះ ដែលត្រូវជនសង្ស័យចាប់ពង្រត់នាំយកទៅបាត់រយៈពេលពីរយប់នោះ មានឈ្មោះ ជ.ស អាយុ ១៧ឆ្នាំ រស់នៅ ស្រុកទឹកឈូ ខេត្តកំពត។ ចំណែកជនសង្ស័យឈ្មោះ ជា សុជាតិ អាយុ២១ឆ្នាំ រស់នៅស្រុកទឹកឈូ ខេត្តកំពត។
មន្ត្រីនគរបាលដដែលបន្តថា ជនសង្ស័យបានល្បួងនារីរងគ្រោះ យកទៅណែបនិត្យនៅក្រុងតាខ្មៅ ខេត្តកណ្តាល តាំងពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦។ លុះដល់រសៀលថ្ងៃទី២៤ ខែមីនា ម្តាយជនរងគ្រោះបានទៅដាក់ពាក្យប្តឹងនៅអធិការដ្ឋាននគរបាលស្រុកទឹកឈូ ក្រោយមកកម្លាំងនគរបាល ក៏បើកការស្រាវជ្រាវរកឃើញជនសង្ស័យនាំនារីរងគ្រោះស្នាក់នៅក្រុងតាខ្មៅ ក៏សហការជាមួយកម្លាំងនគរបាលខេត្តកណ្តាល ចាប់ខ្លួនតែម្តង។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញស្រុកទឹកឈូ កំពុងកសាងសំណុំរឿងបញ្ជូនបន្តឲ្យស្នងការដ្ឋាននគរបាលខេត្ត ជាអ្នកចាត់ការតាមនី តិវិធីច្បាប់៕