(ភ្នំពេញ)៖ ប្រតិភូដឹកនាំគ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនី ៤ប្រភេទកីឡា (វាយសី, បាល់ទាត់, សីប៉ាក់តាក្រ និងក្រុមកីឡាប្រពៃណី) ជាមួយនឹងមេដាយសរុប ២៤គ្រឿង ដែលបានឈ្នះក្នុងព្រឹត្តិការណ៍កីឡា Goodwill Mekong Games ឆ្នាំ២០១៦ លើកទី១២ នៅខេត្តឈៀងរ៉ៃ ប្រទេសថៃ បានត្រឡប់មកដល់កម្ពុជាវិញហើយ នាល្ងាចថ្ងៃទី២៥ ខែមីនានេះ ។
នេះជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀត នៅដើមឆ្នាំថ្មី២០១៦នេះ ខណៈក្រុមអត្តពលិកកីឡា ៦ប្រភេទ ដែលកម្ពុជាបញ្ជូនទៅចូលរួមប្រកួតសុទ្ធតែធ្វើបានល្អ និងឈ្នះមេដាយដូចៗគ្នា រហូតដល់ទៅ ២៤គ្រឿងក្នុងនោះមេដាយមាស ១៣គ្រឿង ប្រាក់៧គ្រឿង និងមេដាយសំរឹទ្ធ៤គ្រឿង ដែលជាការគួរកត់សម្គាល់វិញ្ញាសាបាល់ទាត់យុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា (U-19) បានឈ្នះមេដាយមាស១គ្រឿង ក្រោយបំបាក់កីឡាករឡាវដោយលទ្ធផល ៥-១ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងចំណោមលេង ៣ប្រកួតមិនដែលចាញ់ ឈ្នះ២ដង និងស្មើ១ដង ។
នៅក្នុងដំណើរវិលត្រឡប់មកដល់កម្ពុជានេះដែរ ក៏មានវត្តមានប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា លោកឧត្តមសេនីយ៍ លី កុសល បានអញ្ជើញទៅទទួលប្រតិភូ កីឡាករ-កីឡាការិនីរបស់ខ្លួនដោយផ្ទាល់ ដើម្បីជាការលើកទឹកចិត្ត ចំពោះការខិតខំប្រឹងប្រែងរបស់អត្តពលិកម្នាក់ៗ ដែលដណ្ដើមបានមេដាយជូនជាតិពីព្រឹត្តិការណ៍ប្រចាំតំបន់ខាងលើ ។
បន្ទាប់ពីធ្វើដំណើរមកដល់ទឹកដីកំណើតភ្លាម លោក ជាម សុភា អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជា បានឲ្យដឹងថា «បេសកកម្មចេញទៅប្រកួតក្រៅប្រទេសលើកដំបូង សម្រាប់ដើមឆ្នាំ២០១៦នេះ គឺទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដោយក្រុមអត្តពលិកកីឡាវាយសីកម្ពុជា ដណ្ដើមបានមេដាយច្រើនជាងគេ ក្នុងនោះមានមេដាយមាស ៤គ្រឿង និងមេដាយប្រាក់ ១គ្រឿង» ។
សូមបញ្ជាក់ថា សម្រាប់២ប្រភេទដែលមិនទាន់មកដល់កម្ពុជា គឺមានប្រភេទកីឡាប៉េតង់ និងកីឡាវាយកូនឃ្លីលើតុ ៕