(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលចរាចរ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ បានរៀបចំបើកវគ្គបំប៉នបន្ថែមស្តីពីនីតិវិធីនៃការអនុវត្តច្បាប់បើកល្មើសល្បឿនកំណត់ និងការប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យល្បឿន បទល្មើសចរាចរណ៍ នៅក្នុងប្រទេសកម្ពុជា។
សិក្ខាសាលានេះ មានអ្នកចូលរួមសរុបចំនួន៥៥នាក់ មកពីតាមបណ្តាលស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ទាំង ២៥ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ។ ក្នុងវគ្គបំប៉ននេះ សិក្ខាកាមត្រូសិក្សាទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងនៅដងផ្លូវ តាមការណែនាំដោយនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាល។
លោក ហ៊ឹម យ៉ាន ថ្លែងថា ក្នុងនាមនគរបាលចរាចរ ដែលជាមន្រ្តីអនុវត្តច្បាប់ ក្នុងពេលបំពេញការងារ ឬក៏ចុះប្រតិបត្តិការតាមដងផ្លូវ ត្រូវតែមានឯកសារ និងភស្តុតាង ច្បាស់លាស់ដើម្បីដាក់បន្ទុកជនល្មើស ដែលប្រព្រឹត្តខុសនិងច្បាប់ចរាចរណ៍ ជៀសវាងមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ករណីដូចជាល្មើសល្បឿនកំណត់ យើងត្រូវមានភស្តុតាងច្បាស់លាស់ដើម្បីដាក់បន្ទុក ដូចជា រូបភាពជនល្មើស រួមនិងរថយន្ត ស្លាកលេខរថយន្ត ទីកន្លែង ថ្ងៃខែឆ្នាំល្មើស និងពេលវេលាជាដើម។ ទន្ទឹមនឹងការផាកពិន័យនេះដែរ យើងក៏ត្រូវធ្វើការអប់រំពីច្បាប់ចរាចរណ៍ ដើម្បីឲ្យពួកគាត់ឈប់ប្រព្រឹត្តខុសនៅថ្ងៃក្រោយទៀត។
លោកបានបន្ថែមថា ដើម្បីឲ្យការអនុវត្តការងារទាំងនេះ ទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ទាមទារឲ្យមន្រ្តីនគរបាលចរាចរណ៍ទាំងអស់ ដែលជាអ្នកអនុវត្តច្បាប់ ត្រូវតែមានចំណេះដឹង និងជំនាញច្បាស់លាស់ ក្នុងការប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យល្បឿន។ ទន្ទឹមនឹងនោះក៏ត្រូវចេះទុកដាក់ថែរក្សាឧបករណ៍ទាំងនេះ ឲ្យបានគត់មត់ ដើម្បីធានាឲ្យការប្រើប្រាស់បានយូរអង្វែង។
អគ្គស្នងការរង បញ្ជាក់ថា កន្លងមកដោយមើលឃើញពីកិច្ចខិតខំប្រឹងប្រែង ក្នុងការបំពេញភារកិច្ច ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ជានិច្ចកាលតែងតែកោតសរសើរ និងលើកទឹកចិត្តទាំងស្មារតី និងថវិកា ដល់មន្រ្តីនគរបាលចរាចរណ៍នៅទូទាំងប្រទេស ៕