(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ ក្រសួងទេសចរណ៍ បានបើកសិក្ខាសាលាមួយស្តីពីការរៀបចំរបាយការណ៍មុខងារបញ្ជីវិភាគមុនងារ និងការពិនិត្យមើលមុខងារឡើងវិញ ដើម្បីរកដំណោះស្រាយល្អ ឈានទៅសម្រេចគោលការណ៍ផ្ទេរមុខងារ និងធនធានទៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
សិក្ខាសាលានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដោយមានមន្រ្តីពាក់ព័ន្ធនានាចូលរួម។
លោក ថោង ខុន រដ្ឋមន្រ្តីទេសចរណ៍ បានស្នើឱ្យមន្ត្រីក្រសួងទេសចរណ៍ យកចិត្តទុកដាក់និងពិភាក្សាគ្នា ដើម្បីស្វែងរកចំណុចល្អ និងគន្លឹះថ្មីៗបន្ថែមទៀត ក្នុងការរៀបចំរបាយការណ៍ បញ្ចប់បញ្ជីវិភាគមុខងារ ការពិនិត្យមើលមុខងារឡើងវិញ និងពិនិត្យលទ្ធភាពផ្ទេរមុខងារ និងធនធានឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង និងសំណូមពររបស់ប្រជាពលរដ្ឋចំពោះមុខ និងទៅអនាគត។
លោក ថោង ខុន បានថា សិក្ខាសាលានេះ បានរកឃើញចំណុចល្អៗ និងការប្រឈមនានា នៅក្នុងដំណើរការអនុវត្តមុខងារដែលបានចែងនៅក្នុងលិខិតបទដ្ឋានគតិយុត្តិ និងមិនបានចែង នៅក្នុងលិខិតបទដ្ឋានគតិយុត្តិ ដើម្បីរកដំណោះស្រាយឈានទៅសម្រេចគោលការណ៍ផ្ទេរមុខងារ និងធនធានទៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
លោករដ្ឋមន្ត្រី បានថ្លែងបន្ថែមទៀតថា យុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល បានដាក់ចេញនៅកំណែទម្រង់ជាច្រើន ដែលបាននិងកំពុងអនុវត្ត ហើយទទួលបានជោគជ័យជាបន្តបន្ទាប់ដូចជា កម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ៕