(ព្រះវិហារ)៖ លោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារនាំអំពូលភ្លើងសូឡាចំនួន២០ឈុត ទៅប្រគល់ជូនគណៈកម្មការផ្សារកំពង់ប្រណាក សម្រាប់ប្រើប្រាស់បំភ្លឺផ្លូវនៅពេលយប់ជុំវិញបរិវេណផ្សារ។

លោក វុធ សាវី បានថ្លែងថា អំពូលភ្លើងសូឡាចំនួន២០ឈុត ដែលនាំមកប្រគល់ជូនគណៈកម្មាការផ្សារកំពង់ប្រណាក នៅពេលនេះ គឺមានការចូលរួមឧបត្ថម្ភពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក៏ដូចជាលោកព្រះរាជអាជ្ញារងជាច្រើនរូបទៀត បើសរុបជាថវិកាជិត ១០០០ដុល្លារ។

លោកព្រះរាជអាជ្ញារង បានបន្តថា ផ្សារកំពង់ប្រណាក ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ នាពេលនេះ គឺមានការអភិវឌ្ឍន៍រីកចម្រើនគួរឱ្យកត់សម្គាល់ ពិសេសលើការពង្រីកផ្លូវជុំវិញផ្សារបានធំទូលាយ។ដែលកត្តានេះ គឺផ្តើមចេញពីការដឹកនាំរបស់អាជ្ញាធរខេត្ត ក្រុង និងគណៈកម្មការផ្សារជាពិសេសគឺមានការចូលរួមពីបងប្អូនអាជីវកផងដែរ។

ដូច្នេះ ក្នុងទិសដៅលើកកម្ពស់សោភ័ណភាពផ្សារឱ្យកាន់តែមានភាពទាក់ទាញទៀតនោះ រូបលោករួមជាមួយថ្នាក់ដឹកនាំនៃអយ្យការងមសាលាដំបូងខេត្ត បានមូលមតិគ្នាទិញអំពូលភ្លើងសូឡាចំនួន២០ឈុត ជូនគណៈកម្មាការផ្សារ សម្រាប់បំភ្លឺផ្លូវជុំវិញផ្សារនៅពេលយប់។

លោក ឃិត សុធារ៉ា អភិបាលរងក្រុងព្រះវិហារ តំណាងគណៈកម្មការផ្សារក៏ដូចជាអាជីវករក្នុងផ្សារកំពង់ប្រណាក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក វុធ សាវី និងថ្នាក់ដឹកនាំនៃអយ្យការអមសាលាដំបូងខេត្ត ដែលបានបរិច្ចាកថវិកាផ្តាល់ខ្លួន ទិញអំពូលសូឡា២០ឈុត សម្រាប់បំភ្លឺនៅពេលយប់ជំវិញបរិវេណផ្សារ។

បើតាមលោក ឃិត សុធារ៉ា ថា អំពូលភ្លើងសូឡាដែលត្រូវដាក់បំភ្លឺជុំវិញផ្សារកំពង់ប្រណាក គឺសរុបទាំងអស់៧០អំពូល ពេលនេះខាងសាលាដំបូងខេត្តបានប្រគល់២០ឈុត និងសប្បុរសជនមួយចំនួនក៏បានចូលរួមប្រគលជូនគណៈកម្មការផ្សារផងដែរ៕